Social Network

អគ្គនាយកដ្ឋានពន្ធដារ និងសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវសំខាន់ៗ ចាប់ពីថ្ងៃទី១៥ ខែមករា​ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។

នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា «អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤»។

អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំ ឆ្នាំ២០២៣កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការប្រកាសបង់ពន្ធតាមច្បាប់ ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬអាចបង់តាមរយៈកម្មវិធី "GDT Taxpayer App" ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនកន្លងមក។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអស់កម្ម ដោយប្រការណាមួយជាយថាហេតុ៕

ដកស្រង់ពី៖Fresh New