Social Network

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនមេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ 

នៅសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ ស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់ អនុវត្តនៅពេលខាងមុខ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាង សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីបានគូសបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្តដល់សាធារណជន។

ក្នុងឱកាសនេះ សម្តេចសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករក្នុងការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»៕

ដកស្រង់ពី៖Fresh New