Social Network

World Bank: កម្ពុជាអាចឈានពីការចំណាយកាន់តែច្រើន ទៅការចំណាយឲ្យកាន់តែមានប្រសិទ្ធផលល្អជាងមុន

(ភ្នំពេញ)៖ ប្រទេសកម្ពុជាគួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើន ទៅលើវិស័យសង្គមកិច្ចនេះ ដើម្បីធ្វើឲ្យការចំណាយនេះ ទទួលបានគុណផលផ្នែកសុខាភិបាលនិងផ្នែកអប់រំ កាន់តែល្អប្រសើឡើង។

នេះបើតាមការផ្តល់អនុសាសន៍របស់ធនាគារពិភពលោក នៅក្នុងរបាយការណ៍មួយ ស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ ក្រោមចំណងជើងថា Public Financial Review, Cambodia: From Spending More to Spending Better ដែលចេញផ្សព្វផ្សាយនៅថ្ងៃនេះ។

កន្លងមក កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ ពីការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈបានហ្មត់ចត់ និងការកើនឡើងនៃការប្រមូលចំណូល ដែលបានមកពីកំណើនថេរនៃសេដ្ឋកិច្ច ក្នុងចន្លោះឆ្នាំ១៩៩៥ និង២០១៩។

យ៉ាងណាក៏ដោយ ការកើនឡើងខ្លាំងនៃចំណាយនេះ គឺមួយផ្នែកធំកើតឡើងដោយសារការចំណាយ ទៅលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិក ក្នុងវិស័យសាធារណៈដោយមិនបានផ្សាភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។

ជាលទ្ធផល បច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈ បានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នា នៅក្នុងវិស័យឯកជន។

របាយការណ៍ខាងលើរកឃើញថា ការដំឡើងប្រាក់បៀរវត្សរ៍មិនទាន់បានប្រែក្លាយគុណផលការងារ ឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេស នៅក្នុងផ្នែកសង្គមកិច្ច។

គុណផលក្នុងវិស័យអប់រំមានភាពប្រសើរបន្តិចបន្តួចមែន ប៉ុន្តែនៅតែទាបបើប្រៀបធៀបជាមួយប្រទេសឯទៀតក្នុងតំបន់។ ការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈ នៅមានកម្រិតទាប ហើយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាលដោយពេទ្យ ក្នុងកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមនៅក្នុងតំបន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបាន កែលម្អឱ្យមានភាពប្រសើរជាងមុន ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «កម្ពុជាគួរទទួលបានមកវិញនូវតម្លៃប្រសើរជាងមុន ពីការចំណាយរបស់ខ្លួនទៅលើផ្នែកសេវាសាធារណៈ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពបរិយាបន្ន យូរអង្វែង»។

លោកស្រីពោលបន្ថែមទៀតថា «ត្រង់នេះសំដៅទៅលើការចាយវាយឲ្យកាន់តែមានប្រសិទ្ធផល តាមរយៈការគ្រប់គ្រងថវិកាឲ្យកាន់តែមានលក្ខណៈយុទ្ធសាស្ត្រ ដោយចងលក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ជាមួយនឹងសមិទ្ធកម្មការងារ ហើយធ្វើការថ្លឹងថ្លែងឲ្យបានប្រសើរជាងមុន ក្នុងការបែងចែកធនធានថវិកា នៅតាមគ្រប់កម្រិតរបស់រដ្ឋាភិបាល»។

កម្ពុជាអាចរៀបចំដំណាក់កាលខាងមុខ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីកសាងភាពធន់ផ្នែកសារពើពន្ធ ដែលចាំបាច់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំណាយរយៈពេលវែង និងចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។

នេះជាការលើកឡើងនៅក្នុងរបាយការណ៍ ដែលធនាគារពិភពលោកបានធ្វើឡើង តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការរៀបចំសម្រាប់កំណែទម្រង់នេះ អាចសម្រេចបានតាមរយៈការពង្រឹងតំណភ្ជាប់រវាងការរៀបចំផែនការ និងការរៀបចំថវិកា ព្រមទាំងការផ្សាភ្ជាប់រវាងការចំណាយ និងសមិទ្ធកម្មការងារ។

ការបង្កើនគណនេយ្យភាព និងការវាយតម្លៃសមិទ្ធកម្មការងារនៅក្នុងវិស័យសាធារណៈ និងការពង្រឹងការគ្រប់គ្រងថវិកាមូលធន ក៏នឹងរួមចំណែកបានកាន់តែធំដែរ ក្នុងការធ្វើឱ្យចំណាយកាន់តែទទួលបានប្រសិទ្ធផលល្អជាងមុន។

រាជរដ្ឋាភិបាលកម្ពុជា អាចបង្កើនការផ្គត់ផ្គងសេវាដ្ឋានសុខាភិបាលបាន តាមរយៈការដោះស្រាយបញ្ហាគុណភាពជាមូលដ្ឋាន នៅតាមគ្រឹះស្ថានសេវាដ្ឋានសុខាភិបាលសាធារណៈ បង្កើនការប្រើប្រាស់គ្រឹះស្ថានសុខាភិបាលសាធារណៈ ការធានាឱ្យមានលទ្ធភាពទទួលបានសេវាដ្ឋានសុខាភិបាលប្រកបដោយសមធម៌សម្រាប់ជនក្រីក្រ។

ដើម្បីធ្វើយ៉ាងណាឲ្យចំណាយលើវិស័យអប់រំកាន់តែមានប្រសិទ្ធផល អាជ្ញាធរអាចពង្រឹងដំណើរការនៃការជ្រើសរើស ការដាក់ពង្រាយ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងតាមរយៈការចាត់ចែងមូលនិធិប្រតិបត្តិការសាលារៀន ឱ្យកាន់តែមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀននីមួយៗ។

លើសពីនេះ របាយការណ៍បានផ្តល់អនុសាសន៍ថា ការកែលម្អប្រតិបត្តិការឲ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់បុគ្គលិក នៅតាមគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងរួមចំណែកធ្វើឱ្យការចំណាយសាធារណៈ អាចជះឥទ្ធិពលវិជ្ជមានបានកាន់តែប្រសើរថែមទៀតដែរ៕