Social Network

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការចូលរួមសង្កេតការណ៍បោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងលោក ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា បានវិលត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះលោក បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលបានរង់ចាំសម្ភាសន៍នៅព្រលានយន្តហោះភ្នំពេញ។

នាពេលនោះ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ដូចខាងក្រោម៖ - ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ការបោះឆ្នោតនោះមានបួនប្រភេទក្នុងពេលតែមួយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសសភាភូមិភាគ និងការបោះឆ្នោតជ្រើសរើសសភាថ្នាក់ខេត្ត។

- ភូមិសាស្ត្រនៅប្រទេសឥណ្ឌូនេស៊ីប្រជុំទៅដោយកោះ ដែលមានចំនួនជាង ១៧,០០០កោះ ខេត្តមានចំនួន ៣៨ខេត្ត និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ២០០,០០០,០០០នាក់។

- ការរៀបចំការបោះឆ្នោតនៅទីនោះមានភាពស្មុគស្មាញ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដោយសារមានប្រជាពលរដ្ឋច្រើនជាងគេនៅលើសកលលោក។

- ការិយាល័យបោះឆ្នោត មានជាង ៨២០,០០០ការិយាល័យ។ ប្រើប្រាស់មន្ត្រីការិយាល័យបោះឆ្នោតជាង ៥,៧០០,០០០នាក់។ មន្រ្តីការិយាល័យបោះឆ្នោតមានសញ្ញាសម្គាល់ដឹងថា ពួកគាត់ជាមន្ត្រីការិយាល័យបោះឆ្នោត។

- ប្រព័ន្ធបោះឆ្នោតគឺប្រើប្រព័ន្ធចម្រុះ ដោយប្រើប្រព័ន្ធសមាមាត្រផង និងឯកត្តនាមផង។ - ការបោះឆ្នោតបើកចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៣:០០រសៀល។ បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត ចាប់ផ្តើមពីម៉ោង ១៣:៣០ នាថ្ងៃដដែល។

- អ្នកបោះឆ្នោតក្នុងមួយការិយាល័យ មានយ៉ាងច្រើនបំផុតត្រឹម ៣០០នាក់។

- អ្នកបោះឆ្នោតត្រូវប្រើដែកគោលចោះលើសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សនយោបាយ និងបេក្ខជនណាមួយដែលខ្លួនពេញចិត្ត។

- គណបក្សនយោបាយចូលរួមការបោះឆ្នោត មានចំនួន ២៤គណបក្ស និងមានបេក្ខជនជាង ១០,០០០នាក់។

- ទង់គណបក្ស ឬស្លាកសញ្ញារបស់គណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ត្រូវបានដោត ឬលើកនៅខាងមុខទីស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

- គ្រូបណ្តុះបណ្តាលអំពីការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មានចរិកផ្សារភ្ជាប់នឹងសិល្បៈ ដែលធ្វើឱ្យបរិយាកាសរីករាយ គាត់ចេះទាំងច្រៀងថែមទៀត។

លោក ហង្ស ពុទ្ធា បានលើកហេតុផល និងចំណាប់អារម្មណ៍អំពីលទ្ធផលនៃការទៅចូលរួមសង្កេតការណ៍បោះឆ្នោត នៅប្រទេសឥណ្ឌូនេស៊ី ថា៖

*គ.ជ.ប កម្ពុជា ជាសមាជិកសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា អេវេប - (A-WEB) (The Association of World Election Bodies) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ព្រមទាំងមានទំនាក់-ទំនងគ្នារវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងបណ្តាប្រទេសសមាគមអាស៊ាន។ដូចនេះ មានការអញ្ជើញគ្នាទៅវិញទៅមក ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាការងារទំនាក់ទំនងអន្តរជាតិ។ក្នុងនាម គ.ជ.ប កម្ពុជា គឺចាំបាច់ទៅចូលរួម ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។

*ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មិនដូចគ្នាការបោះឆ្នោតនៅប្រទេសកម្ពុជាទេ ប៉ុន្តែចំណុច ដែលអាចយកមកប្រៀបធៀប និងពិចារណាបាននោះគឺ ចំនួនអ្នកបោះឆ្នោតនៅកម្ពុជា មានយ៉ាងច្រើន ៧៥០នាក់ ក្នុងមួយការិយាល័យបោះឆ្នោត។ រីឯនៅប្រទេសឥណ្ឌូនេស៊ីក្នុងមួយការិយាល័យបោះឆ្នោត មានយ៉ាងច្រើន ៣០០នាក់ ដែលធ្វើឱ្យការរាប់សន្លឹកឆ្នោតបានលឿន ឆាប់ចប់ ហើយមន្ត្រីការិយាល័យបោះឆ្នោតមិនហត់នឿយខ្លាំង៕

ដកស្រង់ពី៖Fresh New