Social Network

គ.ជ.ប៖ រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ឃើញថា៖

-គណបក្សឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ និងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ហើយមានសកម្មភាពចែកខិត្តបណ្ណ ជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តព្រៃវែង នៃភូមិភាគទី៦។

-គណបក្សហ៊្វុនស៊ិនប៉ិច មានសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។

-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី២ មានការចាក់មេក្រូផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងបង្រៀនគូសសន្លឹកឆ្នោត។

-គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។

អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១,៧៤៧ នាក់ ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕

តំណភ្ជាប់សម្រាប់ស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត៖ http://www.nec.gov.kh/khmer/content/7450

ដកស្រង់ពី៖Fresh New