Social Network

អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានបន្ថែម ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។

បើតាមសេចក្តីជូនព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មន្រ្ដីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបធ្វើការងារជាមួយសមត្ថកិច្ចរបស់ថៃនៃប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាម ខេត្តចន្ទបុរី ហើយបានទទួលព័ត៌មានលម្អិតថា នៅថ្ងៃកើតហេតុរថយន្តឈ្នួល VAN បានដឹកពលករខ្មែរពីទីក្រុងបាងកកទៅព្រំដែនថៃ-កម្ពុជា ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។

នៅពេលធ្វើដំណើរដល់ចំណុចភូមិឡាក់ហិន ឃុំប៉ាតាវី ស្រុកម៉ាក់ខាម ខេត្តចន្ទបុរី រថយន្តបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យក្រឡាប់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យពលករខ្មែរចំនួន ៣រូបដែលនៅលើរថយន្តនេះ រងរបួសបន្តិចបន្តួច។

ក្រោយពីមានការសង្រ្គោះបឋម និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាមរួចរាល់ហើយ ពលករខ្មែរទាំងបីនាក់ត្រូវបានផ្ទេរទៅកាន់រថយន្តមួយទៀត ហើយបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន ក្នុងថ្ងៃដដែល។ សមត្ថកិច្ចបានបញ្ជាក់ថាពុំមានការចាប់ឃាត់ខ្លួន និងអ្នករងរបួសធ្ងន់ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ។

សូមជម្រាបថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជូនព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា តាមព័ត៌មានបឋមទទួលបានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកម៉ាខាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ត Van ពីទីក្រុងបាងកកទៅកាន់ព្រំដែន កម្ពុជា-ថៃ ដោយឆ្លងកាត់តាមខេត្តចន្ទបុរី។

ពលរដ្ឋខ្មែរទាំង ៣ រូបខាងលើ បានរងរបួសស្រាលនិងទទួលបានការព្យាបាលបឋម មុននឹងត្រូវបានផ្ទេរតាមរថយន្តក្រុមហ៊ុនទេសចរណ៍មួយទៀត ដើម្បីត្រឡប់ទៅកម្ពុជាវិញ។ប៉ុន្តែ អាស្រ័យដោយរបាយការណ៍ខាងលើ និងព័ត៌មានផ្សព្វផ្សាយដោយប្រព័ន្ធឃោសនារបស់ថៃមិនស្របគ្នា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានធ្វើដំណើរចុះទៅពិនិត្យនៅទីតាំងផ្ទាល់៕

ដកស្រង់ពី៖Fresh New