Social Network

សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់ ខ្លួនក្រោមអធិបតីភាព លោុំ ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ព្រមទាំងវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការ កណ្តាល និងភ្ញៀវកិត្តិយស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្ដីសម្រេចរបស់ មហាសន្និបាត ផែនការយុទ្ធសាស្ត្រ និងកម្មវិធីផ្សេងៗដែល ស.ស.យ.ក. សម្រេចបានកន្លងមក ក៏ដូចជាដើម្បីកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត និងស្វែងរកធាតុចូលបន្ថែមដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្ដែងរបស់សង្គម។

ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

ថ្លែងទៅកាន់ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងអង្គពិធី សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់គណៈកម្មាធិការកណ្តាល និង ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកលើកកម្ពស់មុខមាត់ ប្រទេសជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន៕

ដកស្រង់ពី៖Fresh New