ជញ្ជាំងប្រាសាទមួយផ្នែក ក្នុងក្រុង Sri Ksetra ដែលឋិតក្នុងចំណោមទីក្រុងបុរាណ Pyu បានបាក់រលំដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំង ក្នុង តំបន់ Bago របស់ប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍ នេះបើតាមអគ្គនាយករង ក្រសួងវប្បធម៌ និងកិច្ចការសាសនា ប្រាប់ដល់កាសែទស៊ិនហួរ។
បំណែកដែលមានប្រវែងប្រហែល ៩ម៉ែត្រ នៃជញ្ជាំងប្រាសាទ បានបាក់រលំ បន្ទាប់ពីមានការបង្អុរទឹកភ្លៀងជាប់ៗគ្នារយះពេល ៣ថ្ងៃ។ ជញ្ជាំងដែលបានបាក់រលំនោះ គឺមិនមែនជាផ្នែកនៃប្រាសាទដែលនៅសល់ពីសករាជបុរាណ Pyu នោះទេ តែជាជញ្ជាំងដី ដែលត្រូវបានកសាង ក្នុងឆ្នាំសារពើរពន្ធ 1990-1991 បើតាមសំដីអគ្គនាយករងក្រសួងវប្បធម៌។
ត្រូវបានកសាងក្នុងប្រហែលសតវត្សទី៤ ដល់ទី៩ នៃគ្រឹស្តសករាជ ក្រុង Sri Ksetra លាតសន្ធឹង ៨គ.ម ភាគអាគ្នេយ៍នៃទីក្រុងបុរាណ Pyay តំបន់ Bago និងប្រហែល ២៩០គ.ម នាភាគពាយ័ព្យរដ្ឋធានី Yangon ។
កាលពីឆ្នាំ ២០១៤ ទីក្រុងបុរាណ Pyu ចំនួន៣របស់មីយ៉ាន់ម៉ា គឺ Hanlin, Beikthano និង Sri Ksetra ដែលមានទីតាំងរៀងៗខ្លួននៅតំបន់ Sagaing, Magway និង Bago បានឈ្នះការជ្រើសរើសទុក ជាតំបន់បេតិកភណ្ឌពិភពលោកពីអង្គការយូណេស្កូ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។