ក្រុមអ្នកតវ៉ាប្រឆាំងនឹងការតម្លើងពន្ធគយ នាពេលបច្ចុប្បន្ន បានប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខ កាលពីយប់ថ្ងៃសៅរ៍ នាទីក្រុង Al Ramtha ភាគខាងជើង។
ក្រុមបាតុករ បានបិទផ្លូវជាមួយនឹងដុំថ្ម និងដុតកង់ឡាន និងបានវាយប្រហាររថយន្តសន្តិសុខ ដោយកាំជ្រួច និងស្រាក្រឡុក Molotov ដោយបង្កជាអគ្គិភ័យឆាបឆេះ យ៉ាងហោចណាស់រថយន្តប្រឆាំងនឹងកុប្បកម្មមួយដែរ។
កងកម្លាំង បានតបតរដោយឧស្ម័នទឹកភ្នែក ក្នុងបំណងបំបែកហ្វូងមហាជន។ មិនមានរបាយការណ៏ណាមួយពីការរងរបួសទេ។ នេះ គឺជាថ្ងៃទី២ បន្តបន្ទាប់គ្នានៃបាតុកម្មហឹង្សានៅ Ramtha រួចទៅហើយ។
ការប៉ះទង្គិចគ្នា កើតមាននៅពេលរដ្ឋាភិបាលហ្សកដង់ បានព្យាយាមទប់ស្កាត់ការរត់ពន្ធបារីឆ្លងកាត់ព្រំដេនពីប្រទេសស៊ីរី ជាមួយនឹងច្បាប់គយដ៏តឹងរឹង ដែលរួមមានពន្ធគយខ្ពស់ជាងមុន។ អ្នកភូមិ Ramtha ភាគច្រើន រកស៊ីលក់បារីដែលរត់ពន្ធពីស៊ីរី ដើម្បីចំណេញប្រាក់ក្នុងប្រទេសហ្សកដង់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។