Social Network

លោក ស៊ី ជិនពីង ផ្ញើសារចូលរួមអបអរលោក គីម ជុងអ៊ុន នាឱកាសខួប៧១ឆ្នាំនៃថ្ងៃបង្កើតកូរ៉េខាងជើង

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានផ្ញើសារអបអរសាទរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះខួប៧១ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។ លោក ស៊ី ជិនពីង តាងនាមឲ្យគណបក្សកុម្មុយនិស្តចិន ព្រមទាំងរដ្ឋាភិបាល និងប្រជាជនចិន ក៏ដូចជារូបលោកផ្ទាល់ បានផ្ញើសារដើម្បីអបអរសាទរ និងជូនពរដល់លោក គីម ជុងអ៊ុង រួមទាំងគណបក្សពលករកូរ៉េ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសខួបទី៧១ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។

គួរជម្រាបថា ក្នុងនោះ លោកប្រធានាធិបតីចិន បានកោតសរសើរ អំពីសមិទ្ធផលផ្សេងៗ ដែលកូរ៉េខាងជើងសម្រេចបាន  អំឡុងពេលជាង៧០ឆ្នាំ កន្លងមកនេះ នៅក្រោមមេដឹកនាំត្រកូលគីម និងគណបក្សពលករកូរ៉េ ហើយលោក ស៊ី ជិនពីង ក៏បានរំលេចពីចំណងមិត្តភាព ដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរផងដែរ ដោយលោកបានប្តេជ្ញាបន្ តលើកកម្ពស់ទំនាក់ទំនង ដ៏សំខាន់នេះថែមទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាជាតិជិតខាងទាំងពីរ និងដើម្បីពង្រឹងសន្តិសុខ និងសន្តិភាពក្នុងតំបន់៕

ដកស្រង់ពី៖ Fresh News