វ៉ាស៊ីនតោន៖ មនុស្ស ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះ ដែលពួកគេជិះ បានធ្លាក់នៅ តំបន់ណតស៍ ហាមតុន ស្ថិតក្នុងរដ្ឋ ញូហេមភ៍ស៊ឺ ភាគឦសាន សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០១៤។
ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានដកស្រង់ពី សារព័ត៌មាន CBS អាម៉េរិក ឲ្យដឹងនៅថ្ងៃអង្គារ នេះថា គ្រោះថ្នាក់ បានកើតឡើង នៅវេលាម៉ោង ១១ ព្រឹកថ្ងៃចន្ទ ម៉ោងនៅអាម៉េរិក ត្រូវនឹង ពេលទៀបភ្លឺ ថ្ងៃអង្គារ នៅអាស៊ី ដោយយន្តហោះខ្នាតតូច ប្រភេទ Cessna 180 ដែលមាន មនុស្សជិះ ២នាក់ បានធ្លាក់ទៅក្នុងព្រៃឈើ ក្បែរទីវាល ចតយន្តហោះ ហាមតុន នោះតែម្តង។ ចំពោះឈ្មោះ របស់ជន រងគ្រោះ នៅមិនទាន់មាន ការបញ្ជាក់ឲ្យដឹងនោះទេ។
ដោយឡែក យន្តហោះវិញ ត្រូវបានអ្នកនៅ ព្រលានបញ្ជាក់ថា បានចាប់ផ្តើមធ្វើការ ចុះចតទៅហើយ ប៉ុន្តែវាស្រាប់តែ ឆេះបែកផ្សែង ហើយក៏ជ្រុលចូលទៅធ្លាក់ ក្នុងព្រៃក្បែរនោះតែម្តង។ មូលហេតុ ធ្លាក់ច្បាស់លាស់ ប៉ូលិសជំនាញ កំពុងធ្វើការតាមដាន ជាបន្តទៀត៕
ដកស្រង់ពី៖ ដើមអម្ពិល