Social Network

ប្រទេសចិន ចេញសេចក្តីប្រកាសអាសន្នពណ៌លឿង ចំពោះព្យុះភ្លៀង

អ្នកឃ្លាំមើលជាតិរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសអាសន្នពណ៌លឿងចំពោះព្យុះភ្លៀង កាលពីថ្ងៃអាទិត្យ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ពេញផ្ទៃប្រទេស។

មជ្ឈមណ្ឌលឧតុនិយមជាតិ បាននិយាយថា ចាប់ពីថ្ងៃអាទិត្យ ដល់រសៀលថ្ងៃច័ន្ទភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀង ត្រូវបានគេរំពឹងទុកនៅផ្នែកខ្លះនៃទីក្រុង Shanghai, ខេត្ត Jiangsu, Zhejiang, Anhui, Jiangxi, Hubei និង Hunan ក្នុងចំណោមតំបន់ផ្សេងទៀត។

តំបន់មួយចំនួនក្នុងតំបន់ទាំងនេះ នឹងមានភ្លៀងធ្លាក់រហូតដល់ ៧០ មីល្លីម៉ែត្រអមដោយព្យុះ-ផ្គរ-រន្ទះ និងខ្យល់បក់ខ្លាំង។ ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុពណ៌បួនជាន់ ដែលពណ៌ក្រហមតំណាងឱ្យធ្ងន់ធ្ងរបំផុត បន្ទាប់មកមានពណ៌ទឹកក្រូច-លឿង និងខៀវ។

មជ្ឈមណ្ឌលនេះ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យនៅតែរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ បំណាក់ដី និងបំណាក់ភក់ និងបានណែនាំឱ្យបញ្ឈប់សកម្មភាពនៅខាងក្រៅ តំបន់ដែលមានគ្រោះថ្នាក់ទាំងនោះ។

ចាប់តាំងពីខែមិថុនាមក ទឹកភ្លៀងជាបន្តបន្ទាប់ បានបោកបក់ផ្នែកធំៗ នៃភាគខាងត្បូងប្រទេសចិន ហើយទឹកទន្លេជាច្រើននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ទាំងនោះ ក៏បានកើនឡើងលើសកំរិតប្រកាសអាសន្នផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។