Social Network

ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មី ក្រោយពីស្ងប់ស្ងាត់អស់ជាង ១០០ថ្ងៃ!

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ បានប្រកាសនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីទៀត ក្រោយពីបានស្ងប់ស្ងាត់អស់ ១០២ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រសួងសុខាភិបាលឡាវបានបញ្ជាក់ថា ករណីឆ្លងម្នាក់ថ្មីនេះ គឺជាជនជាតិកូរ៉េខាងត្បូង ដែលបម្រើការងារនៅការដ្ឋាន សាងសង់ទំនប់វារីអគ្គិសនី មួយកន្លែងស្ថិតនៅក្នុងប្រទេសឡាវ។ ជនជាតិកូរ៉េខាងត្បូងអាយុ ៣២ឆ្នាំរូបនេះ បានធ្វើដំណើរពីជប៉ុនទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា រួចទើបបន្តដំណើរមកកាន់ប្រទេសឡាវនៅថ្ងៃដដែល។

គួរបញ្ជាក់ថា ក្រោយធ្វើដំណើរតាមយន្តហោះមកដល់ឡាវ អាជ្ញាធរប្រទេសអាស៊ានមួយនេះ បានបញ្ជូនជនជាតិកូរ៉េខាងត្បូងរូបនោះ ព្រមជាមួយអ្នករួមដំណើរសរុប ០៦នាក់ទៀតទៅមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងទីក្រុងវៀងច័ន្ទតែម្តង ដើម្បីពិនិត្យរកវីរុសកូរ៉ូណា ហើយនៅទីបំផុតជនជាតិកូរ៉េខាងត្បូងរូបនោះ បានចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 តែម្តង។

គិតចាប់តាំងពីការរកឃើញអ្នកឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី២៤ ខែមីនា អាជ្ញាធរឡាវបានធ្វើតេស្តលើករណីសង្ស័យចំនួន ២៤,៤៧៩នាក់ ក្នុងនោះមនុស្ស ២០នាក់បានចេញលទ្ធផលវិជ្ជមាន ហើយ១៩នាក់ក្នុងចំណោមពួកគេ បានជាសះស្បើយឡើងវិញ។ ប្រទេសឡាវមិនទាន់មាន ករណីស្លាប់ដោយសារជំងឺ COVID-19 នៅឡើយទេ៕

ដកស្រង់ពី៖ Fresh News