Social Network

លោក ត្រាំ គ្រោងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោត, មេដឹកនាំប្រទេសមិនមែនសមាជិក G7 ក៏អាចនឹងត្រូវអញ្ជើញឲ្យចូលរួមដែរ

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកមានបំណងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បង្ហើបពីបំណងរបស់លោកខាងលើ កំឡុងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

នាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងដែរថា លោកអាចនឹងអញ្ជើញមេដឹកនាំ នៃប្រទេសដែលមិនមែនជាសមាជិក G7 ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដូចគ្នា។ លើសពីនេះទៅទៀត នៅពេលត្រូវបានសាកសួរថា តើលោកនឹងអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមក្នុងកិច្ចប្រជុំ G7 ដែរឬទេ? លោក ត្រាំ បានឆ្លើយថា លោកអាចនឹងធ្វើដូច្នេះ ពីព្រោះលោក ពូទីន គឺជាតួកអង្គដ៏សំខាន់។

ប៉ុន្តែគំនិតចង់អញ្ជើញលោក ពូទីន ធ្លាប់ត្រូវបានបណ្ដាប្រទេសជាសមាជិក G7 ដូចជាអង់គ្លេស និងកាណាដាជាដើម ជំទាស់យ៉ាងដាច់ខាតរួចមកហើយ។ គួរបញ្ជាក់ថា កាលពីដំបូងឡើយលោក ដូណាល់ ត្រា ធ្លាប់មានគម្រោងរៀបចំកិច្ចប្រជុំ G7 ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនាកន្លងទៅ តែត្រូវបានអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ជំទាស់ដោយសារបញ្ហា COVID-19។

ក្រោយមកទៀត លោក ត្រាំ បានលើកពេលកិច្ចប្រជុំនេះ ទៅខែកញ្ញាខាងមុខនេះវិញ ដើម្បីបង្ហាញប្រជាជនអាមេរិក និងពិភពលោកឱ្យបានឃើញថា សហរដ្ឋអាមេរិកបានវិលត្រឡប់ទៅរកភាពធម្មតាវិញ ហើយរហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ ទើបលោកប្រកាសពីបំណងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកវិញ៕

ដកស្រង់ពី៖ Fresh News