Social Network

ចិនរកឃើញសាច់មាន់នាំចូលពីប្រេស៊ីល «មានផ្ទុក COVID-19»

(សៀងហៃ)៖ អាជ្ញាធរចិនបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នេះថា សំណាករបស់ស្លាបមាន់កក ដែលនាំចូលពីប្រទេសប្រេស៊ីល ទៅកាន់ទីក្រុងហ្សិនជិន (Shenzhen) ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន នៃវីរុសកូរ៉ូណា (COVID-19)។

នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA។ អាជ្ញាធរសុខាភិបាលទីក្រុងហ្សិនជិន (Shenzhen) បានធ្វើការតាមដានភ្លាមៗ និងបានធ្វើតេស្តទៅលើមនុស្សគ្រប់គ្នា ដែលពាក់ព័ន្ធជាមួយផលិតផលអាហារ ដែលមានសក្ដានុពលក្នុងការចម្លងមេរោគនោះ ប៉ុន្តែមិនមាននរណាម្នាក់តេស្តវិជ្ជមាន ចំពោះវីរុសកូរ៉ូណាថ្មីនោះឡើយ។

កាលពីថ្ងៃពុធម្សិលមិញនេះ ចិនបានរាយការណ៍ថា វីរុសកូរ៉ូណា (COVID-19) នេះ ត្រូវបានគេរកឃើញនៅលើកញ្ចប់បង្គារ ដែលនាំចូលពីអេក្វាដ័រ (Ecuador)។

ចាប់តាំងពីខែកក្កដាកន្លងទៅនេះ ទីក្រុងផ្សេងៗទៀតរបស់ប្រទេសចិន រួមទាំងទីក្រុងកំពង់ផែ សៀមិន (Xiemen) និង ដាលៀន (Dalian) ក៏បានរាយការណ៍ពីករណីដូចគ្នានេះដែរ ដែលជាហេតុនាំឲ្យប្រទេសចិន ផ្អាកការនាំចូលបង្គារពី Ecuador។

គួរបញ្ជាក់ ប្រទេសចិនបានចាប់ផ្ដើមធ្វើការត្រួតពិនិត្យសាច់ និងអាហារសមុទ្រនាំចូលយ៉ាងយកចិត្តទុកដាក់បំផុត នៅតាមកំពង់ផែធំៗ បន្ទាប់ពីមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភាជាថ្មីនៃ COVID-19 កាលពីខែមិថុនាមកម្ល៉េះ នៅក្នុងទីផ្សារលក់ទំនិញទីក្រុងប៉េកាំង៕

ដកស្រង់ពី៖ Fresh News