Social Network

រលកកម្តៅ នៅតែបន្តដុតរោលប្រទេសជប៉ុន

ទីភ្នាក់ងារឧតុនិយមជប៉ុន កាលពីថ្ងៃសុក្រកន្លង បានផ្សាយថា តំបន់មួយផ្នែកធំ នៃប្រទេស បានបន្តគ្របដណ្តប់ដោយរលកកំដៅ ដែលកំពុងឆួលក្តៅ។

ចំនួនអ្នកស្លាប់ បានកើនឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីកម្តៅខ្លាំង បានចាប់ផ្តើមដុតរោលតំបន់ជាច្រើន ពាសពេញភាគខាងកើត និងភាគខាងលិចប្រទេសជប៉ុន។

រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា មានមនុស្សស្លាប់ចំនួន ១៧ នាក់ ដោយសារការសន្លប់ដោយកំដៅខ្លាំងពេក ចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺទាក់ទងនឹងកម្តៅក្នុងខែនេះមានចំនួនសរុប ១៤៨ នាក់។ ជនរងគ្រោះជាច្រើន មានអាយុពីខ្ទង់ ៧០ ទៅ ៨០ ឆ្នាំ ដោយភាគច្រើន កើតឡើងនៅក្នុងផ្ទះ ដែលមិនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់។

ទាក់ទងនឹងការពាក់ម៉ាសមុខ ចំពេលមានការផ្ទុះឡើងនៃជំងឺ covid 19 ក៏ជាការ រួមចំណែកដល់ការកើនឡើងនៃអត្រាករណីសន្លប់ ដោយកំដៅខ្លាំងពេកផងដែរ រដ្ឋាភិបាលក្នុងស្រុក បានសំណូមពរថា ប្រជាជន អាចដកម៉ាសចេញបាន លុះត្រាតែមានវិធានការណ៍គម្លាតសង្គម ត្រូវបានប្រកាន់ខ្ជាប់យ៉ាងត្រឹមត្រូវ។

តាមការចង្អុលបង្ហាញថ្មីៗនេះថា មនុស្សកាន់តែច្រើននៅប្រទេសជប៉ុន បានស្លាប់ដោយសារជំងឺសន្លប់ដោយកំដៅខ្លាំងពេក ជាងជំងឺ covid 19 នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។