Social Network

ចំនួនប្រជាជនសរុបកោះតៃវ៉ាន់ រំពឹងនឹងធ្លាក់ចុះនៅឆ្នាំ ២០២០

ចំនួនប្រជាជនសរុបរបស់កោះតៃវ៉ាន់ អាចនឹងធ្លាក់ចុះនៅឆ្នាំ ២០២០ ដោយសារតែអត្រាកំណើតធ្លាក់ចុះ ២ ឆ្នាំលឿនជាងការព្យាករណ៍ពីមុន នេះបើយោងតាមនាយកដ្ឋានផែនការអភិវឌ្ឍរបស់ដែនកោះមួយនេះ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ ចំនួនទារកទើបនឹងកើត ទំនងជាមានចំនួនតិចជាងចំនួនអ្នកស្លាប់ក្នុងឆ្នាំនេះ ដែលនាំឱ្យមានការថយចុះនៃចំនួនប្រជាជន។

កោះនេះ អាចនឹងក្លាយជាសង្គមដែលមានប្រជាជនវ័យចំណាស់ នៅឆ្នាំ ២០២៥ នេះមានន័យថា ប្រជាជនម្នាក់ក្នុងចំណោម ៥ នាក់ នឹងមានអាយុលើសពី ៦៥ ឆ្នាំ មួយឆ្នាំលឿនជាងការប៉ាន់ស្មានពីមុន។

ការមកដល់លឿននៃសង្គមដែលមានប្រជាជនវ័យចំណាស់ និងការថយចុះចំនួនប្រជាជនសរុប នឹងបង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់កម្លាំងពលកម្ម ការយកពន្ធនិងប្រព័ន្ធប្រាក់សោធនរបស់តៃវ៉ាន់។

កោះតៃវ៉ាន់ ធ្លាប់បានបង្កើនល្បឿនដោះស្រាយបំលាស់ប្តូរចំនួនប្រជាជនសរុប ដោយវិធីសាស្រ្តផ្សេងៗគ្នា ដែលរួមមានការជំរុញអត្រាមានកូនរបស់ប្រទេស ពង្រឹងរចនាសម្ព័ន្ធកម្លាំងពលកម្ម និងកែលម្អការថែទាំពលរដ្ឋវ័យចំណាស់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។