Social Network

អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់ នៅលើកោះមួយរបស់យ៉េមែន

(ម៉ូស្គូ)៖ អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានប្រកាសរួមគ្នាពីបំណងធ្វើកិច្ចសហប្រតិបត្តិការ សាងសង់មូលដ្ឋានប្រមូលព័ត៌មានសម្ងាត់ នៅលើកោះមួយរបស់ប្រទេសយ៉េមែន ក្រោយសម្រេចបានកិច្ចព្រមព្រៀង ផ្សាភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ ក្រោមកិច្ចសម្របសម្រួលរបស់សហរដ្ឋអាមេរិកនោះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។ សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើទូរទស្សន៍អ៉ីរ៉ង់ PressTV។

PressTV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មូលដ្ឋានប្រមូលព័ត៌មានសំងាត់រវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម គឺនឹងត្រូវសង់ឡើងនៅលើទីប្រជុំកោះ សូខូត្រា (Socotra) នៃប្រទេសយ៉េមែន។

ក្រុមមន្ត្រីនៃប្រទេសទាំង ២ ក៏បានធ្វើដំណើរទៅដល់ទីប្រជុំកោះ Socotra ដែរ ដើម្បីពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់មូលដ្ឋានរបស់ពួកគេ ខណៈទីតាំងចំនួន ២ ទំនងជាត្រូវបានជ្រើសរើសគឺតំបន់ ម៉ូមី (Momi) នៃភាគខាងកើតកោះ Socotra និងភាគខាងលិចនៃកោះមួយនេះ។

ចំណែកឯកម្មវត្ថុរួម នៃមូលដ្ឋានប្រមូលព័ត៌មានសំងាត់ទាំងនេះ គឺដើម្បីប្រមូលព័ត៌មាននៅទូទាំងតំបន់ឈូងសមុទ្រ រាប់ចាប់ពីតំបនច្រកសមុទ្រ បាប់ អាល់ម៉ាន់ដេប (Bab al-Mandab) និងភាគខាងត្បូងនៃប្រទេសយ៉េមែន រួមទាំងតំបន់ឈូងសមុទ្រ អ៉ីដិន (Eden) និងតំបន់អាហ្វ្រិកខាងកើតហៅថា «Horn of Africa» ផងដែរ៕

ដកស្រង់ពី៖ Fresh News