Social Network

ប្រធាន UN ណែនាំមហាអំណាចធំៗទាំងបី ដែលកំពុងឈ្លោះប្រកែកគ្នា ខណៈពិភពលោកជួបគ្រោះអាសន្នផ្ទួនៗ

(ញ៉ូយក)៖ សហរដ្ឋអាមេរិក ប្រទេសចិន និងសហព័ន្ធរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឈ្លោះប្រកែកគ្នាក្នុងកំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានព្រមានថា ប្រសិនបើវិបត្តិអាកាសធាតុឈានដល់ការបែកបាក់សាមគ្គី និងច្របូកច្របល់ដូចទៅនឹងបញ្ហា COVID-19 ខ្ញុំភ័យខ្លាចថា វាអាចនឹងមានផលអាក្រក់កើតឡើងបន្ថែមទៀត។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានវាយប្រហារសហរដ្ឋអាមេរិកយ៉ាងចាស់ដៃកំលុងកិច្ចប្រជុំ UNSC ស្តីពីអភិបាលកិច្ចពិភពលោក ជុំវិញបញ្ហា COVID-19 ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានឆ្លើយតបថាវិញថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងមានការខ្ពើមរអើមនឹងខ្លឹមសារនៃការពិភាក្សាថ្ងៃនេះណាស់… ខ្ញុំនិយាយចំពោះសមាជិកក្រុមប្រឹក្សា ដែលបានឆ្លៀតយកឱកាសនេះ ផ្តោតលើការគុំគួននយោបាយ ជាជាងព្យាយាមដោះស្រាយបញ្ហាសំខាន់ដែលមាននៅក្នុងដៃ»។

ជុំវិញការផ្លោងសម្តីដាក់គ្នាខាងលើនេះ លោក Guterres បានលើកឡើងថា COVID-19 ពិតជាមិនទាន់ត្រូវបានគ្រប់គ្រងនោះទេ ដោយចំនួនករណីឆ្លងនៅទូទាំងពិភពលោក បានកើនដល់ជាង ៣០លាននាក់ ខណៈចំនួនអ្នកស្លាប់ក៏បានកើនដល់ជិត ១លាននាក់ដែរ ដោយលោកបានស្តីបន្ទោសថា «បញ្ហាកើនឡើងនេះ គឺដោយសារតែកង្វះខាត នៃការត្រៀមលក្ខណៈជាសកល, កិច្ចសហប្រតិបត្តិការ និងការរួបរួមសាមគ្គីគ្នា»។

លោកប្រធាន UN ក៏បានប្រាប់សមាជិកទាំង ១៥ប្រទេសនៃ UNSC ផងដែរថា «ជំងឺឆ្លងរាតត្បាតសកលនេះ គឺជាការសាកល្បងយ៉ាងច្បាស់លាស់មួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានឆ្លុះបញ្ចាំងពី ភាពបរាជ័យរបស់យើងរួចទៅហើយក្នុងការរួបរួម និងសាមគ្គីគ្នា»។

គួរបញ្ជាក់ថា ភាពតានតឹងដែលបានអូសបន្លាយ អស់ពេលយ៉ាងយូររវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចកាន់តែអាក្រក់ខ្លាំងមែនទែនហើយ ជុំវិញបញ្ហា COVID-19 ដែលវាបានឆ្លុះបញ្ចាំងពីការទាមទាររបស់ទីក្រុងប៉េកាំង សម្រាប់ឥទ្ធិពលពហុភាគីកាន់តែធំ នៅក្នុងការប្រកួតប្រជែងនឹងការដឹកនាំបែបប្រពៃណី ឬគាំពារនិយមរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Wang Yi បានអំពាវនាវឲ្យមានកិច្ចសម្របសម្រួល និងសហប្រតិបត្តិការឲ្យបានប្រសើរជាងមុន ក្នុងចំណោមប្រទេសមហាអំណាចសំខាន់ៗ ដោយលោកបានសង្កត់ធ្ងន់ថា «បណ្តាប្រទេសធំៗគួរតែមានកាតព្វកិច្ច គិតពីអនាគតរបស់មនុស្សជាតិជារឿងសំខាន់ និងបោះបង់ចោលនូវឥរិយាបទសង្រ្គាមត្រជាក់ ក៏ដូចជាភាពលំអៀងខាងមនោគមវិជ្ជា ហើយត្រឡប់មករួមគ្នាក្នុងភាពជាដៃគូ ដើម្បីយកឈ្នះលើផលលំបាកនានាវិញ»៕

ដកស្រង់ពី៖ Fresh News