Social Network

ប្រទេសអាឡឺម៉ង់ រកឃើញករណីគ្រុនជ្រូកអាហ្វ្រិកមួយករណីទៀតនៅក្នុងសត្វជ្រូកព្រៃ

ក្រសួងកសិកម្មអាឡឺម៉ង់ បានរកឃើញករណីមួយទៀតនៃជំងឺគ្រុនជ្រូកនៅអាហ្វ្រិក (ASF) នៅក្នុងសត្វជ្រូកព្រៃមួយនៅរដ្ឋ Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។

ក្រសួង បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ការរកឃើញថ្មីនេះ បាននាំមកនូវករណីសរុបចំនួន ៣៥ ករណី ចាប់តាំងពីការរកឃើញលើកទី ១ នៅថ្ងៃទី ១០ ខែកញ្ញា។ ករណីទាំងអស់នោះ រកឃើញនៅក្នុងសត្វព្រៃ ដោយមិនមានសត្វជ្រូកចិញ្ចឹមក្នុងកសិដ្ឋាន រងការប៉ះពាល់ឡើយ។

ករណីទាំងអស់នោះ ត្រូវបានគេរកឃើញនៅតំបន់ Brandenburg។ វិទ្យាស្ថានវិទ្យាសាស្រ្ត Friedrich-Loeffler អាល្លឺម៉ង់ បានអះអាងថា សត្វចុងក្រោយបង្អស់នោះ គឺមានផ្ទុកជំងឺ ASF ។

ប្រទេសចិន និងបណ្តាអ្នកទិញសាច់ជ្រូកដទៃទៀត បានហាមឃាត់ការនាំចូលសាច់ជ្រូកអាឡឺម៉ង់នៅខែនេះ បន្ទាប់ពីករណីដំបូង ត្រូវបានបញ្ជាក់រួចមក ដែលបញ្ហានេះ បណ្តាលឱ្យតម្លៃសាច់ជ្រូកចិន ឡើងថ្លៃ។

ជំងឺនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែវាមានគ្រោះថ្នាក់ដល់សត្វជ្រូក។ ការផ្ទុះដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប្រទេសផលិតសាច់ជ្រូកធំជាងគេបំផុតនៅលើពិភពលោក បានធ្វើឱ្យសត្វជ្រូករាប់រយលានក្បាល ត្រូវបានសម្លាប់ រដ្ឋមន្រ្តីក្រសួងកសិកម្ម បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងពិចារណាផ្តល់ជំនួយដល់កសិករ បន្ទាប់ពីតម្លៃសាច់ជ្រូកធ្លាក់ចុះ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីកាសែត Reuter កាលពីថ្ងៃចន្ទ។