Social Network

មិនទាន់ជាប់ឆ្នោតផង លោក ចូ បៃដិន ត្រូវបានបញ្ចុះបញ្ចូល ឲ្យរក្សាគោលជំហរប្រឆាំងចិន ប៉ុន្តែត្រូវដូរយុទ្ធសាស្ត្រថ្មី (Video inside)

 (វ៉ាស៊ីនតោន)៖ ជ័យលាភីពានរង្វាន់ណូបែលសេដ្ឋកិច្ច លោក ផូល ក្រាកមិន (Paul Krugman) បាននិយាយថា បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែរក្សាជំហរតឹងរ៉ឹងប្រឆាំងនឹងចិន ប្រសិនបើលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ ។

ប៉ុន្តែ គួរតែផ្ដោតសំខាន់លើគោលនយោបាយឧស្សាហកម្ម ជាជាងការដំឡើងពន្ធ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន Reuters តាមសារអេឡិចត្រូនិច លោក Paul Krugman បានគូសបញ្ជាក់ដូច្នេះថា «លោក ចូ បៃដិន គួរតែរក្សាជំហរតឹងរ៉ឹងប្រឆាំងនឹងចិន បើសិនជាលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក។

ប៉ុន្តែមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រដដែលនោះទេ ដោយគួរតែផ្ដោតសំខាន់លើគោលនយោបាយឧស្សាហកម្ម ជាជាងការដំឡើងពន្ធ និងប្រមូលកម្លាំងប្រទេសដទៃ ឱ្យចូលរួមជាមួយនឹងសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា បើតាមលោក Paul Krugman រវាងលោក ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះ ជំហរតឹងរ៉ឹងជាមួយចិននឹងនៅតែដដែល គ្រាន់តែថាបើលោក ត្រាំ ជាប់ឆ្នោតជាថ្មីម្ដងទៀត ទំនាក់ទំនងរវាងអាមេរិក និងប្រទេសចិន អាចនឹងកាន់តែធ្លាក់ចុះដុនដាប ជាងពេលបច្ចុប្បន្នក៏ថាបាន៕

ដកស្រង់ពី៖ Fresh News