Social Network

ត្រាំ កំពុងរៀបចំរឹតត្បិតការនាំចូល វត្ថុធាតុដើមសំខាន់ៗពីចិន និងប្រទេសមួយចំនួន ក្រោមហេតុផលសន្តិសុខជាតិ (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីដោះស្រាយការពឹងផ្អែករបស់សហរដ្ឋអាមេរិក ទៅលើការនាំចូលវត្ថុធាតុដើម សំខាន់ៗ ពីបណ្ដាប្រទេសជាគូប្រជែងសម្រាប់យោធា និងសេដ្ឋកិច្ចជាតិ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។ បើតាមបទបញ្ជាប្រតិបត្តិខាងលើ សហរដ្ឋអាមេរិកមិនអាចពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមសំខាន់ៗ ពីបណ្ដាប្រទេសជាគូប្រជែង យកទៅផ្គត់ផ្គង់សេដ្ឋកិច្ច និងពង្រឹងវិស័យយោធាអាមេរិក នៅក្នុងសតវត្សរ៍ទី ២១ នេះបានឡើយ។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ នៅក្នុងលិខិតមួយផ្ញើជូនសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «ខ្ញុំសូមរាយការណ៍ថា ខ្ញុំបានចេញបទបញ្ជាប្រតិបត្តិមួយ ដោយប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីដោះស្រាយការគំរាមកំហែង បង្កឡើងដោយសារតែការពឹងផ្អែកនៃប្រទេសរបស់យើង ទៅលើវត្ថុធាតុដើមទាំងនៅក្រោមទម្រង់ដំណើរការ ឬមិនទាន់ដំណើរការពីបណ្ដាប្រទេសនានាជាគូប្រជែង»។

នៅក្នុងបទបញ្ជាប្រតិបត្តិនេះដែរ លោក ត្រាំ បានឱ្យដឹងដែរថា ៨០ភាគរយនៃវត្ថុធាតុដើម កម្រត្រូវបាននាំចូល ដោយផ្ទាល់ពីចិន និងនៅសេសសល់គឺត្រូវបាននាំចូល ដោយប្រយោលពីចិនតាមរយៈប្រទេសដទៃ។ លោក ត្រាំ បានបញ្ជាក់បន្ថែមទៀតថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាមេរិកបានផលិតវត្ថុធាតុដើមកម្រទាំងនេះ ច្រើនជាងប្រទេសដទៃនៅលើពិភពលោក។

គួរបញ្ជាក់ថា បើតាមបទបញ្ជាប្រតិបត្តិ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋបាលរបស់លោក បើកការស៊ើបអង្កេតលើបញ្ហាដែលបានលើកឡើងខាងលើ ហើយនៅក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ សកម្មភាពជាក់ស្ដែងនឹងត្រូវអនុវត្តលើចិន ឬបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងការដំឡើងពន្ធ ឬដាក់កំហិតលើការនាំចូល៕

ដកស្រង់ពី៖ Fresh News