Social Network

ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់នៃសម្តេច ប៉ាប និងបានបង្កភាពតឹងជាមួយម្ចាស់ផ្ទះ ជុំវិញបញ្ហាចិន

(រ៉ូម)៖ ភាពតានតឹងបានកើតមានឡើងរវាងសហរដ្ឋអាមេរិក និងបុរីវ៉ាទីកង់ពាក់ព័ន្ធទៅនឹងប្រទេសចិន កំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅទីក្រុងរ៉ូមក្នុងសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដកស្រង់ពី AP នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងរ៉ូម ដើម្បីចូលរួមសន្និសីទមួយស្តីពីសេរីភាពនៃសាសនា ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកប្រចាំបុរីវ៉ាទីកង់ និងដើម្បីជួបជាមួយមន្រ្តីរបស់អ៉ីតាលី និងមន្រ្តីវ៉ាទីកង់នៅទីនោះព្រមតែម្តង។

កំឡុងសន្និសីទនៅថ្ងៃពុធ លោក Pompeo បានទទូចជាចំហឲ្យបុរីវ៉ាទីកង់ចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោសចំពោះអ្វីដែលទីក្រុងវ៉ាស៉ីនតោនចាត់ទុកថា ជាសកម្មភាពរំលោភបំពានសេរីភាព នៃសាសនានៅក្នុងប្រទេសចិន។

ចំណែកលោក ផូល ហ្គាលឡាហ្គឺ (Paul Gallagher) រដ្ឋមន្រ្តីការបរទេសវ៉ាទីកង់ ដែលមានវត្តមានក្នុងសន្និសីទនោះដែរ គឺមិនបាននិយាយអ្វីទាក់ទងនឹងចិនបន្តិចឡើយ នៅពេលដល់វេនលោកឡើងថ្លែងសុន្ទរកថា។

នៅថ្ងៃព្រហស្បតិ៍ លោក Pompeo ក៏បានជួបពិភាក្សាជាមួយសមភាគីខ្លួននៅវ៉ាទីកង់។ ក្នុងជំនួបនោះ លោក Pompeo បានទទូចឲ្យបុរីវ៉ាទីកង់ ប្រកាន់យកទស្សនៈរឹងមាំជាងមុន ហើយបញ្ចេញមតិប្រកបដោយមនសិកា ប្រឆាំងនឹងអ្វីដែលកើតឡើងនៅក្នុងប្រទេសចិន។

ដោយឡែក អ្នកនាំពាក្យបុរីវ៉ាទីកង់បាននិយាយថា កំឡុងជំនួបខាងលើភាគីទាំងពីរបានបង្ហាញគោលជំហររៀងៗខ្លួន អំពីទំនាក់ទំនងជាមួយចិន នៅក្នុងបរិយាកាសបើកចំហ និងប្រកបដោយការគោរពគ្នាទៅវិញទៅមក។

គួរជម្រាបថា បើតាមមន្រ្តីនៃបុរីវ៉ាទីកង់ សម្តេច ប៉ាប ហ្វ្រង់ស៉ីស បានបដិសេធមិនទទួលជួបជាមួយលោក Pompeo ឡើយ ក្រោមហេតុផលថា ព្រោះជិតដល់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ហើយមួយវិញទៀតគឺសម្តេចទើបតែបានជួបជាមួយលោក Pompeo កាលពីខែតុលា ឆ្នាំ២០១៩ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាប្រទេសចិន កាលពីខែកញ្ញាកន្លងទៅ លោក Pompeo ក៏បានរិះគន់លើបុរីវ៉ាទីកង់ ជុំវិញការចុះកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨ ជាមួយទីក្រុងប៉េកាំងផងដែរ៕

ដកស្រង់ពី៖ Fresh News