Social Network

លោក គីម ជុងអ៊ុន ចុះពិនិត្យតំបន់រងគ្រោះទឹកជំនន់ ខណៈប្អូនស្រីលោកទើបបង្ហាញខ្លួនវិញ ក្រោយបាត់មុខអស់ជាង២ខែ (Video inside)

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៅក្នុងភូមិរងគ្រោះដោយទឹកជំនន់ ដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់តំបន់ដែលរងការខូចខាត ដោយព្យុះទីហ្វុងថ្មីៗនេះ ខណៈដែលប្អូនស្រីរបស់លោកគឺអ្នកនាង គីម យ៉ូចុង បានបង្ហាញខ្លួនសាធារណៈឡើងវិញ ក្រោយពីបានបាត់មុខប្រហែលពីរខែមកនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។ ព្យុះភ្លៀងនារដូវក្ដៅ និងគ្រោះមហន្តរាទឹកជំនន់ បានវាយប្រហារប្រទេសកូរ៉េខាងជើងយ៉ាងខ្លាំង ដោយបានបំផ្លាញផ្ទះប្រជាជនរាប់ពាន់ខ្នង និងបង្កការព្រួយបារម្ភពីការខ្វះស្បៀងអាហារផងដែរ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានកោតសរសើរអំពីល្បឿន នៃការងារស្តារឡើងវិញនៅក្នុងទីក្រុង គីមវ៉ា (Kimhwa) ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង អមដំណើរជាមួយនឹងប្អូនស្រីរបស់លោកគឺលោកស្រី គីម យ៉ូចុង (Kim Yo Jong) ។ គួរបញ្ជាក់ថា លោកស្រី Kim Yo Jong ត្រូវបានគេចាត់ទុកជាមនុស្ស ដែលមានអំណាចបំផុតលំដាប់លេខ២ បន្ទាប់ពីលោក គីម ជុងអ៊ុន។

លោកស្រីត្រូវបានគេជឿថា ស្ថិតនៅក្នុងវ័យ ៣០ឆ្នាំ ហើយជាមនុស្សជិតស្និទ្ធតែម្នាក់គត់របស់លោក គីម ដែលមានតួនាទីជាយ៉ាងសំខាន់នៅក្នុងជួរនយោបាយ។ លើសពីនេះ លោកស្រីបានក្លាយជាមនុស្សលេចធ្លោ ជាមួយនឹងវោហារសាស្ត្រដ៏មុតមាំ ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងផងដែរ។

ចំពោះការបាត់មុខរបស់លោកស្រី ក្នុងរយៈពេលជាងពីរខែនោះ មិនទាន់មានប្រភពណាអាចបញ្ជាក់ អំពីមូលហេតុនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News