Social Network

លោក គីម ជុងអ៊ុន ចេញបទបញ្ជាថ្នាក់ជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ចំពោះមុខវិបត្តិសកល និងសមាជបក្សនៅឆ្នាំ២០២១

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានដាក់ចេញបទបញ្ជាមួយ ដោយបង្គាប់ឱ្យ មានខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច មុនសមាជបក្សពលករដែលនឹង ប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២១។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការសម្រេចចិត្តខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងកិច្ចប្រជុំមួយនៃគណបក្សពលរដ្ឋ និងកើតឡើងចំពេល COVID-19 និងគ្រោះធម្មជាតិ កំពុងបបន្ថែមសម្ពាធដល់សេដ្ឋកិច្ចជាតិ។

KCNA បានឱ្យដឹងទៀតថា បទបញ្ជាថ្មីខាងលើរបស់លោក គីម ស្ថិតនោក្រោមពាក្យជម្រុញទឹកចិត្តមួយថា «ការតស៊ូ» ក្នុងនោះរួមមានការប្រឹងប្រែងថ្នាក់ជាតិ, ការបន្ថែមម៉ោង ឬពេលវេលាធ្វើការ និងបន្ថែមតួនាទីជាដើម។ គួរបញ្ជាក់ថា គណបក្សពលករកូរ៉េគ្រោងនឹងបញ្ចេញផែនការសេដ្ឋកិច្ចថ្មីមួយ នៅក្នុងសមាជបក្សនាខែមករា ឆ្នាំ២០២១ ដែលជាសមាជដំបូងបំផុត ក្នុងការរយៈពេល ០៥ឆ្នាំមកនេះ។

គិតចាប់តាំងពីកិច្ចចរចាកំពូលរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបានជាប់គាំង ប្រទេសមួយនេះនៅតែបន្តស្ថិត ក្រោមទណ្ឌកម្មពីអន្តរជាតិ ជាពិសេសអាមេរិកដដែល ហើយបូករួមទាំងវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិផ្ទួនៗបានកើតឡើងនៅក្នុងឆ្នាំ២០២០ នេះទៀតនោះ សេដ្ឋកិច្ចកូរ៉េខាងជើង បាននិងកំពុងរងផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរ ខណៈប្រជាជននានាត្រូវបានអ្នកតាមដានអន្តរជាតិព្យាករណ៍ថា នឹងជួបគ្រោះអត់ឃ្លានបន្ថែមទៀត ជាពិសេសនៅបណ្តាខេត្ត ដែលទើបរងគ្រោះដោយព្យុះ និងទឹកជំនន់៕

ដកស្រង់ពី៖ Fresh News