Social Network

កូរ៉េខាងជើង រៀបចំកិច្ចប្រជុំនយោបាយដើម្បីត្រៀមរៀបចំសមាជបក្សលើកទី ៨

លោក Kim Jong Un, មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃចន្ទ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយមួយដើម្បីពិភាក្សាអំពីការរៀបចំ ប្រារព្ធខួបនៃការបង្កើតគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃសៅរ៍ខាងមុខ និងសម្រាប់សមាជបក្សលើកទី ៨ នៅក្នុងខែមករា។

ទីភ្នាក់ងារព័ត៌មានមជ្ឍឹមកូរ៉េ ក៏បានរាយការណ៍អំពីកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការកណ្តាលទី ៧ នៃគណបក្ស WPK ដោយពិភាក្សាអំពីបញ្ហានៃការស្វាគមន៍សមាជលើកទី ៨ របស់បក្ស តាមរយៈការធ្វើយុទ្ធនាការ ៨០ ថ្ងៃ ប្រកបដោយភាពស្វាហាប់របស់គណបក្ស ប្រទេសទាំងមូល និងប្រជាជនទាំងអស់។

រយៈពេលដែលនៅសល់ រហូតដល់សមាជបក្សលើកទី ៨ គឺជារយៈពេលនៃការតស៊ូចុងឆ្នាំ និងដំណាក់កាលចុងក្រោយនៃការអនុវត្តន៍យុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានដាក់ចេញនៅក្នុងសមាជលើកទី ៧ របស់បក្ស។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក Ri Pyong Chol អនុប្រធានគណៈកម្មាធិការយោធាកណ្តាលនៃបក្ស WPK និងជាអនុប្រធានគណៈកម្មាធិការកណ្តាលនៃ WPK និងលោក Pak Jong Chon ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ ត្រូវបានតំឡើងឋានៈជាសេនាប្រមុខផ្នែកយោធា នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអង្គារ៍។