Social Network

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីរដ្ឋមន្រ្តី ធ្វើតេស្តិ៍វិជ្ជមាន COVID-19

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយកាលពីថ្ងៃច័ន្ទថាលោក នឹងដាក់ខ្លួនលោកឲ្យនៅឆ្ងាយពីគេ ឬចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តី ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ មានលទ្ធផលតេស្តិវិជ្ជមាន Covid 19។

សេចក្តីប្រកាសនេះ បានធ្វើឡើង នៅពេលដែលប្រទេសម៉ាឡេស៊ី រាយការណ៍ពីចំនួនខ្ពស់បំផុតនៃការឆ្លង COVID-19 ថ្មីប្រចាំថ្ងៃ ដល់ទៅ ៤៣២ករណី និងធ្វើឲ្យចំនួនឆ្លងសរុប ឡើងដល់ ១២.៨១៣ នាក់។

លោក Muhyiddin បានធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃទី ៣ ខែតុលា ស្តីពីការកើនឡើងនូវករណីថ្មីៗនៃ COVID-19 នៅក្នុងប្រទេសដែលមានការចូលរួមពីសំណាក់គណៈរដ្ឋមន្រ្តីជាច្រើនរូប។

អ្នកចូលរួមកិច្ចប្រជុំទាំងអស់ ត្រូវបានធ្វើតេស្តិ ប៉ុន្តែមានរដ្ឋមន្រ្តីតែម្នាក់ ក្នុងចំណោមពួកគេ មានផ្ទុកជំងឺ COVID-19 ។ លោកនាយករដ្ឋមន្រ្តី ថ្លែងថា លោក នឹងសង្កេតមើលការស្នាក់នៅឆ្ងាយពីគេដោយខ្លួនឯង រយៈពេល ១៤ ថ្ងៃ ជាការប្រុងប្រយ័ត្ន ប៉ុន្តែលោក បានធានាថាបញ្ហានេះ នឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងរដ្ឋាភិបាលទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអង្គារ៍។