Social Network

កូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីបញ្ចេញសព្វាវុធថ្មីៗនៅចុងសប្តាហ៍នេះ

  (សេអ៊ូល)៖ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា ខ្លួនអាចនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នៅទីលានបិតាស្ថាបនិក គីម អ៉ីលស៊ុង (Kim Il Sung) ក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជាកំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។ ព្យុហយាត្រាទ្រងទ្រាយធំខាងលើ នឹងត្រូវធ្វើឡើងក្នុងរដ្ឋធានីព្យុងយ៉ាង នាឱកាសនៃការប្រារព្ធខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សពលករ ដែលត្រូវនឹងថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះតែម្តង។

បើតាមគេហទំព័រអាមេរិក ដែលជំនាញខាងតាមដានសកម្មភាពកូរ៉េខាងជើងគឺ 38North បានអះអាងដោយផ្អែកលើ រូបភាពផ្កាយរណបថា ព្យុហយាត្រាយោធានេះ នឹងត្រូវធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ខណៈយោធាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះក៏បានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងបញ្ចេញមីស៊ីលផ្លោង ឆ្លងទ្វីបស៊េរីថ្មី (គ្រាប់មីស៊ីល ICBM អាចពាំក្បាល់គ្រាប់នុយក្លេអ៊ែរ) និងអាវុធយុទ្ធសាស្រ្តជាច្រើនផងដែរ។

គួរជម្រាបថា ព្យុហយាត្រាយោធានៅក្នុងឆ្នាំ២០២០នេះ នឹងធ្វើឡើងនៅចំពេលពិភពលោក និងកូរ៉េខាងជើងខ្លួនឯង កំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19។

កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនបានរាយការណ៍ពីករណីឆ្លងណាមួយឡើយ សូម្បីមួយករណី ខណៈសារព័ត៌មានមួយចំនួននៅកូរ៉េខាងត្បូង និងអាមេរិក នៅតែបង្ហាញមន្ទិលសង្ស័យ ចំពោះករណីឆ្លងជំងឺ COVID-19 នៅកូរ៉េខាងជើងដដែល៕

ដកស្រង់ពី៖ Fresh News