Social Network

លោក ត្រាំ ចង់ឲ្យទាហានអាមេរិកទាំងអស់នៅអាហ្វហ្គានីស្ថាន ត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា កងទ័ពអាមេរិកទាំងអស់ដែលកំពុងឈរជើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន «គួរតែត្រឡប់មកផ្ទះវិញ នៅថ្ងៃបុណ្យណូអែល»។

ការលើកឡើងបែបនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយកងទ័ពចំនួន ២,៥០០នាក់នៅអាហ្វហ្គានីស្ថាននាដើមឆ្នាំក្រោយ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

នៅក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងក្រុមឧទ្ទាមតាលីបង់កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានគូសបញ្ជាក់ថា កងកម្លាំងបរទេសទាំងអស់ត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ ជាថ្នូរនឹងការធានាប្រឆាំងនឹងអំពើភេរវកម្ម និងយល់ព្រមចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ព្រមទាំងទៅលើរូបមន្តចែកអំណាច ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ។

លោក ត្រាំ និង មន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយកងទ័ពចន្លោះពី ៤,០០០-៥,០០០នាក់នៅអាហ្វហ្គានីស្ថាន នាខែវិច្ឆិកាខាងមុខ ប៉ុន្តែការកាត់បន្ថយចំនួនកងទ័ព គឺពឹងផ្អែកលើស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសអាហ្គានីស្ថាន។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងគួរតែបន្តឈរជើងក្នុងចំនួនតិចតួច ដើម្បីឲ្យវីរនារី និងបុរសដ៏ក្លាហានរបស់យើងនៅអាហ្វហ្គានីស្ថាន អាចមកផ្ទះវិញនៅថ្ងៃបុណ្យណូអែល។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ទេថា តើលោក ត្រាំ ចេញបញ្ជា ឬគ្រាន់តែការសម្តែងពីអារម្មណ៍របស់លោកឡើយ។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនពេលសាររបស់លោក ត្រាំ ត្រូវបានបង្ហោះលោក រ៉ូប៊ឺត អូព្រីយែន (Robert O’Brien) ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានថ្លែងថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានកងទ័ពតិចជាង ៥,០០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយយើងនឹងកាត់បន្ថយមកត្រឹម ២,៥០០នាក់នៅដើមឆ្នាំក្រោយ។ នៅជុំវិញបញ្ហាខាងលើ សេតវិមានទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ។

កម្លាំងយោធាអាមេរិកជាង ២,៤០០នាក់បានស្លាប់នៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន  និងជាច្រើនពាន់នាក់ទៀត រងរបួស។នៅថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក) គឺជាខួបលើកទី ១៩ ចាប់តាំងពីមហាអំណាចមួយនេះ បានចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំមេដឹកនាំតាលីបង់ ជាក្រុមមានទំនាក់ទំនងជាមួយ បណ្តាញភេរវករអាល់កៃដា (Al Qeada) ដែលបានវាយប្រហារអគារភ្លោះពាណិជ្ជកម្ម នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១

ដកស្រង់ពី៖ Fresh News