Social Network

អង្គការ NATO ចង់ធានាឲ្យអាហ្វហ្គានីស្ថាន​មានសន្តិភាពពេញលេញសិន មុននឹងខ្លួនដកទ័ពចេញ (Video inside)

(ព្រុចសែល)៖ អង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ  ដើម្បីដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងនាំយកកងទ័ពអាមេរិកទាំងអស់ត្រឡប់ទៅវិញ នៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីប្រទេសម៉ាសេដូនីខាងជើង លោក ហ្សូរាណ ហ្សរ (Zoran Zaew) អគ្គលេខាធិការនៃអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានគូសបញ្ជាក់ថា «យើងបានសម្រេចចិត្តចូលទៅក្នុង ប្រទេសអាហ្វហ្គានីស្ថានជាមួយគ្នា យើងក៏ត្រូវធ្វើការសម្រេចចិត្ត លើការកែតម្រូវនាពេលអនាគតជាមួយគ្នាដែរ ហើយយើងនឹងជ្រើសរើស ពេលវេលាដ៏ស័ក្តិសមមួយ ដែលយើងនឹងត្រូវចាកចេញជាមួយគ្នា»។

លោក Stoltenberg បានគូសបញ្ជាក់បន្ថែមទៀតថា «អង្គការ NATO នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសនេះអាចមានសន្តិភាព ដោយគ្មានហានិភ័យក្នុងការក្លាយជាប្រទេស ដែលជាទីជម្រក របស់ពួកសកម្មប្រយុទ្ធម្ដងទៀត ហើយយើងនឹងធ្វើការសម្រេចចិត្ត ដោយផ្អែកលើស្ថានការណ៍ជាក់ស្ដែង ព្រោះយើងគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តប្តេជ្ញាចិត្តចំពោះអនាគតនៃប្រទេសអាហ្វហ្គានីស្ថាន ពីព្រោះវាជាផលប្រយោជន៍របស់យើង ក្នុងការការពារសន្តិសុខរយៈពេលវែងសម្រាប់ប្រទេសនេះ»។

គួររំលឹកថា អង្គការ NATO បានចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការលុកលុយ ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំពួកតាលីបង់ក្រោយ ការវាយប្រហារភេរវកម្ម ៩/១១ និងបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ នៅក្នុងឆ្នាំ២០១៤ ហើយបានកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួនយ៉ាងច្រើន ប៉ុន្តែបានរក្សាកងកម្លាំងហ្វឹកហ្វឺនប្រហែល ១២,០០០នាក់ដែរ៕

ដកស្រង់ពី៖ Fresh News