Social Network

ជប៉ុន ប្តេជ្ញាបង្កើនការការពារមីស៊ីល បន្ទាប់ពីព្យុះហយាត្រាកូរ៉េខាងជើង

ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ បានប្តេជ្ញាបង្កើនសមត្ថភាពទប់ស្កាត់មីស៊ីលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដោយអាវុធរបស់កូរ៉េខាងជើងដែលកាន់តែមានលក្ខណៈចម្រុះ និងស្មុគស្មាញ ដូចដែលបានបង្ហាញក្នុងពិធីព្យុះហយាត្រាយោធារបស់ក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍។

ក្នុងពិធីខួបលើកទី៧៥នៃគណបក្សកាន់អំណាចរបស់ខ្លួន កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានដើរក្បួនបង្ហាញប្រព័ន្ធអាវុធជាច្រើនប្រភេទ ដូចជា មីស៊ីលផ្លោងឆ្លងទ្វីប ដែលមានទំហំធំជាង ICBMs ដែលគេធ្លាប់ស្គាល់ ហើយក៏បានបង្ហាញនូវអ្វីដែលទំនងជាកំណែថ្មីនៃមីស៊ីល ដែលអាចបាញ់ចេញពីនាវាមុជទឹកបាន។

អ្នកជំនាញមួយចំនួន បាននិយាយថា អាវុធមីស៊ីលនោះ ហាក់ដូចជាបង្ហាញពីការបង្កើនសមត្ថភាពអាវុធជាបន្តរបស់កូរ៉េខាងជើង ក្នុងអំឡុងពេលជាប់គាំងចំណងការទូតនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីខុទ្ទកាល័យជប៉ុន បានប្រាប់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃច័ន្ទថា “ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលមានលក្ខណៈចម្រុះ និងស្មុគស្មាញនោះ ជប៉ុន នឹងធ្វើការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់មីស៊ីលដ៏ទូលំទូលាយរបស់ខ្លួន” ហើយ នឹងបន្តសហប្រតិបត្តិការជាមួយអាមេរិក និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីការពារប្រជាជនជប៉ុន។

ក្រោមការកាន់កាប់រយៈពេលជិតប្រាំបីឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តី Shinzo Abe ប្រទេសជប៉ុន បានពង្រីកតួនាទីយោធាអន្តរជាតិរបស់ខ្លួន ក្រោមសម្ព័ន្ធមិត្តជប៉ុន - អាមេរិក ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើងនិងចិន។ អ្នកស្នងតំណែងរបស់លោក Abe គឺលោក Yoshihide Suga និងរដ្ឋាភិបាលរបស់ លោក ត្រូវបានគេរំពឹងថា នឹងចងក្រងផែនការមីស៊ីលថ្មីនៅចុងឆ្នាំនេះ នេះបើ តាមការផ្សាយរបស់ CNA ដោយដកស្រង់ពីកាសែត AP កាលពីថ្ងៃចន្ទ។