Social Network

ទឹកជំនន់ សមុទ្ររញ្ជួយ បានសម្លាប់មនុស្ស ២៣ នាក់ នៅប្រទេសវៀតណាម ដោយព្យុះថ្មី នឹងមកដល់ឆាប់ៗ

អាជ្ញាធរវៀតណាម បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់មនុស្សចំនួន ២៣ នាក់ បានស្លាប់ និងច្រើនជាង ១២ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានជន់លិចផ្ទះជាច្រើន នៅភាគកណ្តាលប្រទេសវៀតណាម និងសមុទ្ររញ្ជួយបានពន្លិចទូកនេសាទរាប់សិប។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បាននិយាយថា ផ្ទះជាងមួយសែនខ្នង ត្រូវបានជន់លិចដោយទឹកជំនន់ ហើយមនុស្សជិត ៤៦.០០០ នាក់ត្រូវបានជម្លៀសចេញ។

យោធា បានធ្វើការជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រយ៉ាងលឿនដល់អ្នកនេសាទ ៨ នាក់ ដែលត្រូវបានទឹកហូរយកទៅបាត់ ដោយសមុទ្ររញ្ជួយខ្លាំង នៅខេត្ត Quang Tri ។

ប្រទេសវៀតណាម ត្រូវបានបោកបក់ជាញឹកញាប់ដោយអាកាសធាតុដ៏អាក្រក់នៅរដូវវស្សា រវាងខែមិថុនា និងវិច្ឆិកា ហើយតំបន់ឆ្នេរកណ្តាល គឺងាយរងគ្រោះបំផុត។ ប្រទេសនេះ កំពុងតែទទួលរងព្យុះមួយទៀត ដែលបក់ចេញពីសមុទ្រចិនខាងត្បូង ដោយមានភ្លៀងធ្លាក់ខ្លាំងជាថ្មីម្តងទៀត ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ពិសេសភាគខាងជើង និងកណ្តាលប្រទេស នេះបើតាមការផ្សាយរបស់ CNA ដោយដកស្រង់ពីកាសែត APF កាលពីថ្ងៃចន្ទ។