Social Network

ជប៉ុនផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប ៤៧៣លានដុល្លារដល់ឥណ្ឌូណេស៊ី ដើម្បីទប់ទល់វិបត្តិកូវីដ-១៩

  (ហ្សាការតា)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបចំនួន ៥០ពាន់លានយ៉េន (ប្រហែលជា ៤៧៣លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។ ការផ្តល់ជូននេះត្រូវបានធ្វើឡើងអំឡុងនៃកិច្ចពិភាក្សា ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅឯវិមានប្រធានាធិបតីនៅបូហ្គ័រ (Bogor) ក្បែរទីក្រុងហ្សាការតា។

ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប នឹងក្លាយជាផ្នែកមួយនៃវិធានការរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់ក្នុងករណី គ្រោះមហន្តរាយធម្មជាតិនានា បន្ថែមពីលើប្រាក់កម្ចីប្រហែលជា ៣២ពាន់លានយ៉េនដែលជប៉ុនបានផ្តល់ឲ្យ កាលពី ខែកុម្ភៈកន្លងទៅ។

កម្ចីខាងលើត្រូវបានផ្តល់ឲ្យ ដើម្បីជួយជ្រោមជ្រែងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដ៏កាចសាហាវ COVID-19។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ COVID-19 នៅក្នុងតំបន់ ដោយមានករណីឆ្លងសរុបច្រើនជាង ៣៦០,០០០ករណីក្នុងនោះមនុស្សច្រើនជាង ១២,០០០នាក់ទៅហើយបានស្លាប់។

ឥណ្ឌូណេស៊ីគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីលោកបានឡើងកាន់តំណែង។ លោក Suga ក៏បានយល់ព្រមជាមួយលោក Widodo ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាបើកឡើងវិញ នូវដំណើរការអាជីវកម្មរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចចរចាសន្តិសុខរវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រី ការបរទេស នាពេលខាងមុខផងដែរ។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានជ្រើសរើស សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Suga ចាប់តាំងពីឡើងកាន់ដំណែងបន្តពីលោក អាបេ ស៊ីនហ្សូ កាលពីខែមុន ដើម្បីបង្ហាញពីសារៈសំខាន់ នៃតំបន់នេះចំពោះប្រទេសជប៉ុន។

បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo លោក Suga បានបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គឺជាគន្លឹះសំខាន់ដើម្បីរក្សាសេរីភាព និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយលោកបានប្រាប់លោក Widodo ទៀតថា ប្រទេសជប៉ុននឹងប្តេជ្ញាចូលរួមចំណែករក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

លោក Suga បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់អាស៊ាន ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលឥណ្ឌូណេស៊ីបានផ្តួចផ្តើមឡើង ព្រោះវាស្របទៅតាមគោលនយោបាយការទេស របស់ប្រទេសជប៉ុន។

គួរជម្រាបថា លោក Widodo បានស្វាគមន៍ចំពោះការគាំទ្ររបស់ជប៉ុន ចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយបានកត់សំគាល់ថា ស្មារតីនៃកិច្ចសហប្រតិបត្តិដោយបើកចំហរ គឺចាំបាច់នៅក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងចក្ខុវិស័យរបស់អាស៊ាន។

លោក Widodo ក៏បានបង្ហាញពីក្តីសង្ឃឹមថា សមុទ្រចិនខាងត្បូងនឹងអាចបន្តក្លាយជាសមុទ្រសន្តិភាព និងស្ថិរភាព៕

ដកស្រង់ពី៖ Fresh News