Social Network

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់ ខណៈជ័យជម្នះរបស់លោក ចូ បៃដិន កំពុងធ្វើឲ្យប្រទេសនេះបារម្ភ

 (រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ា ប៊ីន អាប់ឌុលឡាស៊ីស (Salman bin Abdulaziz) បានជំរុញឱ្យពិភពលោកទំាងមូល ប្រកាន់ភ្ជាប់នូវគោលជំហរដាច់ណាត់ ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់អ៉ីរ៉ង់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងព្រះរាជសារប្រចាំឆ្នាំមួយ នៅថ្ងៃព្រហស្បតិ៍នេះព្រះចៅ Salman bin Abdulaziz បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «យើងស្នើឱ្យសហគមន៍អន្តរជាតិ ប្រកាន់ភ្ជាប់នូវគោលជំហរដាច់ណាត់ប្រឆាំងនឹងអ៉ីរ៉ង់ ជុំវិញការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីករបស់ទីក្រុងតេហេរ៉ង់»។

ព្រះចៅ Abdulaziz ក៏បានចោទប្រកាន់ផងដែរថា អ៉ីរ៉ង់នៅតែបន្តលូកលាន់កិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសដទៃ, គាំទ្រពួកភេរវករ និងពួកឧទ្ទាមបំបែករដ្ឋនៅក្នុងតំបន់ ដែលទាំងនេះបានបង្ហាញយ៉ាងច្បាស់ ពីផែនការដ៏គ្រោះថ្នាក់របស់អ៉ីរ៉ង់ នៅក្នុងតំបន់។ ដោយឡែកខាងភាគីអ៉ីរ៉ង់ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីតនៅឡើយទេ។

គួរបញ្ជាក់ថា ព្រះបន្ទូលខាងលើនៃព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានកើតមានឡើងចំពេលដែលក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត បង្ហាញពីកង្វល់ ជុំវិញការវិវត្តស្ថានការណ៍នយោបាយ នៅសហរដ្ឋអាមេរិក ជាពិសេសក្រោយលោក ចូ បៃដិន ទទួលបានជ័យជម្នះលើលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកកន្លងទៅ។

អារ៉ាប៊ីសាអូឌីតខា្លចក្រែងថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក បៃដិន អាចនឹងមានជំហរទន់ភ្លន់ចំពោះអ៉ីរ៉ង់ ដូចកាលលោក បារ៉ាក់ អូបាម៉ា ហើយទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីតអាចនឹងមានការប្រែប្រួល ខណៈក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន ក៏ធ្លាប់លើកឡើងដែរពីការត្រួតពិនិត្យឡើងវិញ នូវទំនាក់ទំនងជាមួយទីក្រុងរីយ៉ាដផងដែរ៕

ដកស្រង់ពី៖ Fresh News