Social Network

មេដឹកនាំអាស៊ីអាគ្នេយ៍ ចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន ចំពេលការប្រកួតប្រជែងអំណាចធំៗ

មេដឹកនាំអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមកិច្ចប្រជុំកំពូលពហុភាគី កាលពីថ្ងៃព្រហស្បតិ៍ ដែលរំពឹងថា នឹងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងផែនការដោះស្រាយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក្នុងតំបន់ដែលការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន កំពុងកើនឡើង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងនៅក្នុងសុន្ទរកថាបើក នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយថា សមាគមប្រជា-ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានគេអូសទាញទៅក្នុងអន្លង់ នៃការប្រកួតប្រជែង និងបញ្ហាប្រឈមនានា ចំពោះប្រព័ន្ធពហុភាគីអន្តរជាតិឡើយ។

របៀបវារៈចំបងនៃកិច្ចប្រជុំកំពូលនេះ គឺបញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូង ទីដែលនាវាចិន ធ្លាប់បានប្រឈមមួយរយះជាមួយនឹងនាវាមកពីប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅពេលដែលក្រុងប៉េកាំង ព្យាយាមអះអាងទាមទារជាទឹកដីរបស់ខ្លួន នៅក្នុងផ្លូវទឹកដែលមានជម្លោះ។

ប្រទេសចិន ទាមទារប្រហែល ៨០% នៃផ្ទៃសមុទ្រ រួមទាំងតំបន់ធំនៃសេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ឬ EEZ ក៏ដូចជាកោះ Paracel និងកោះ Spratly ផងដែរ។

វាក៏ត្រួតលើ EEZs នៃប្រទេសសមាជិកអាស៊ាន មានប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។ មេដឹកនាំអាស៊ាន ក៏រំពឹងនឹងចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅថ្ងៃអាទិត្យ នៅក្នុងអ្វីដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃ ព្រហ.។