Social Network

កូរ៉េខាងត្បូងអូសបន្លាយវិធានការរឹតត្បិត ដើម្បីបន្តទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើងគួរឲ្យបារម្ភ

 (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់ផ្តើមធ្វើការរឹតត្បឹតលើវិធានការរក្សាគម្លាតសង្គម បន្ថែមរយៈពេលមួយខែទៀតនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ បន្ទាប់ពីការព្រមានអំពីវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមានការខកខាននូវកិច្ចប្រឹងប្រែង ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលបណ្ដាលឱ្យមានករណីឆ្លង កើនឡើងឥតឈប់ឈរនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ចាប់ពីថ្ងៃអង្គារកណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូង ធ្វើការហាមឃាត់ការជួបជុំជាសាធារណៈ ដែលមានមនុស្ស ១០០នាក់ ឬច្រើនជាងនេះ ក៏ដូចជាការកំណត់សកម្មភាពសាសនា និងទស្សនិកជនក្នុងព្រឹត្តិការណ៍កីឡា ដែលតម្រូវឱ្យមានមនុស្សចូលរួមតែ ៣០ភាគរយប៉ុណ្ណោះ រួមបញ្ចូលទាំងកន្លែងដែលមានហានិភ័យខ្ពស់មួយចំនួន រួមមានក្លឹបកម្សាន្ត និងខារ៉ាអូខេជាដើមផងដែរ ដើម្បីរក្សាគម្លាតសុវត្ថភាពជូនភ្ញៀវ។

វិធានការរឹតត្បិត ដ៏តឹងរ៉ឹងបន្ថែមនេះបានកើតឡើង ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រទេសកូរ៉េខាងត្បូង កើនលើស ២០០ករណីក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នា ដែលជាការផ្ទុះឡើងនៃចង្កោមជាច្រើននៅតាមការិយាល័យ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងការជួបជុំតូចៗនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះដែលមានចំនួនប្រជាជន ប្រហែលជាពាក់កណ្ដាលនៃប្រជាជនសរុបទាំង ៥២លាននាក់របស់ប្រទេសនេះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ២៣០ករណីបន្ថែមទៀត ដែលករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរយៈពេល ចាប់តាំងពីខែកញ្ញាកន្លងទៅនេះ។

រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ២៩,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៤៩៤នាក់ និងជាសះស្បើយ ២៥,៨៦០នាក់៕

ដកស្រង់ពី៖ Fresh News