Social Network

អ៊ីស្រាអែល វាយប្រហារទីតាំង Hamas តបទៅនឹងការវាយប្រហាររ៉ុក្កែតពីតំបន់ Gaza

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារទីតាំងហាម៉ាសនៅតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីយប់ថ្ងៃសៅរ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សម្លេងស៊ីរ៉ែន ត្រូវបានគេលឺ កាលពីយប់ថ្ងៃសៅរ៍ នៅឯទីក្រុងឆ្នេរសមុទ្រ Ashdod ដែលជាកំពង់ផែធំបំផុតនៅអ៊ីស្រាអែល ស្ថិតនៅចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រខាងជើងហ្គាហ្សាស្ទ្រីបនិងតំបន់ Kibbutz Palmachim ភាគកណ្តាល។

កងទ័ពអ៊ីស្រាអែល និយាយថា ខ្លួន "នឹងធ្វើការវាយតម្លៃស្ថានភាពកំពុងបន្តនិងនៅតែត្រៀមប្រតិបត្តិការ ដើម្បីប្រឆាំងនឹងសកម្មភាពភេរវកម្មណាមួយ" ។មិនមានរបាយការណ៍ជាបន្ទាន់ណាមួយ អំពីការខូចខាត ឬគ្រោះថ្នាក់ ហើយអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា ព័ត៌មានលម្អិត កំពុងត្រូវបានស៊ើបអង្កេត។

ការវាយប្រហារពីតំបន់ហ្គាហ្សា បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការគម្រប់មួយឆ្នាំនៃការសម្លាប់មេបញ្ជាការជីហាដអ៊ីស្លាមប៉ាឡេស្ទីន Baha Abu al-Ata នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។