Social Network

លោក ចូ បៃដិន ចាត់ទុកដំណើរការផ្ទេរអំណាចពីលោក ដូណាល់ ត្រាំ ថាប្រកបដោយភាពស្មោះត្រង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បាននិយាយថា ការប្រាស្រ័យទាក់ទងគា្នជាមួយ រដ្ឋបាលលោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ លើការផ្ទេរអំណាចប្រធានាធិបតី គឺមានភាពស្មោះត្រង់ បន្ទាប់ពីរដ្ឋបាលសេវាទូទៅ (GSA) ទទួលស្គាល់ជ័យជម្នះរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក បៃដិន ធ្វើការកត់សម្គាល់ដូចខាងលើនេះ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។

លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេ (រដ្ឋបាលលោក ត្រាំ) បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំ ឱ្យខ្ញុំទទួលបានការជូនដំណឹង អំពីព័ត៌មានសម្ងាត់នានា ហើយយើងក៏បានត្រៀមខ្លួនរួចរាល់ដែរ ដើម្បីជួបពិភាក្សាជាមួយក្រុមការងារ COVID-19 នៅក្នុងសេតវិមាន... ខ្ញុំអាចនិយាយបានថា ការប្រាស្រ័យទាក់ទងគា្ននេះ គឺមានភាពស្មោះត្រង់»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ រដ្ឋបាល ឬទីភ្នាក់ងារចាត់ចែងសេវាទូទៅ (GSA) របស់សហរដ្ឋអាមេរិក បានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ជាមួយការអនុញ្ញាតឱ្យក្រុមការងារលោក បៃដិន ប្រើប្រាស់ធនធាន និងសេវានានារបស់រដ្ឋាភិបាល ក្នុងការរៀបចំការផ្ទេរអំណាចប្រធានាធិបតី៕

ដកស្រង់ពី៖ Fresh News