Social Network

ក្រុមសកម្មប្រយុទ្ធ ២៥ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

យោធាអាហ្វហ្គានីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងតិច ២៥ នាក់ ក្នុងនោះមានមេបញ្ជាការកងពលពីរនាក់ ត្រូវបានសម្លាប់ និងសកម្មប្រយុទ្ធ ៨ នាក់ បានរងរបួស អំឡុងការវាយឆ្មក់មួយ នៅក្នុងស្រុក Nawa នៃខេត្ត Helmand ភាគខាងត្បូងរបស់ប្រទេស។

កងកំលាំងការពារជាតិ និងកងសន្តិសុខអាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការដោយផ្អែកលើស្ថានភាពការពារសកម្ម នៅខេត្ត Helmand កាលពីថ្ងៃសុក្រ ដោយបន្សល់ទុកនូវការស្លាប់ និងរបួសក្រុមសកម្មប្រយុទ្ធខាងលើ។

ប្រតិបត្តិការ នេះមានគោលបំណងរំខានដល់សកម្មភាពរបស់ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ នៅពេលដែលពួកសកម្មប្រយុទ្ធ បានព្យាយាមធ្វើការវាយប្រហារទៅលើទីតាំងរបស់កងកម្លាំងសន្តិសុខការពារជាតិ។

កងកម្លាំងសន្តិសុខការពារជាតិ ក៏បានបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធចំនួន ៦ កន្លែង និងទីតាំងការពារចំនួន ២៥ ផងដែរ ដោយដកចេញនូវគ្រាប់បែកចំនួន ៤គ្រាប់ ក្នុងកំឡុងពេលការវាយឆ្មក់នៅក្នុងតំបន់ ចម្ងាយ៥៥៥ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងកាប៊ុល។

ក្រុមសកម្មប្រយុទ្ធតាលីបង់ មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។