Social Network

និយតករចក្រភពអង់គ្លេស អនុម័តវ៉ាក់សាំងការពារជំងឺ COVID-19

រដ្ឋាភិបាលអង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារ COVID-19 ដែលបង្កើតដោយក្រុមហ៊ុនអាឡឺម៉ង់ BioNTech និងដៃគូអាមេរិចឈ្មោះ Pfizer ត្រូវបានផ្តល់ការយល់ព្រមអោយប្រើប្រាស់ ដោយនិយតករថ្នាំរបស់ប្រទេស។

យោងតាមរដ្ឋាភិបាលភ្នាក់ងារផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពអង់គ្លេស បានសន្និដ្ឋានថា វ៉ាក់សាំង Pfizer និង BioNTech បំពេញតាមស្តង់ដារតឹងរឹងនៃសុវត្ថិភាពប្រសិទ្ធភាព និងគុណភាព ហើយការអនុញ្ញាតឲ្យចរាចរ ត្រូវបានផ្តល់ទៅឱ្យផលិតផលទាំងនោះហើយ។

ការចាក់វ៉ាក់សំាង ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយវ៉ាក់សាំងនេះ នឹងត្រូវចាក់ឲ្យក្រុមអាទិភាព រួមមានបុគ្គលិកថែទាំតាមផ្ទះ មនុស្សចាស់ដែលមានអាយុលើសពី ៨០ ឆ្នាំ និងបុគ្គលិកសុខាភិបាល បន្ទាប់មកប្រជាជនដែលនៅសល់ និងក្រុមដែលមានហានិភ័យ ។

វ៉ាក់សាំងនេះ ត្រូវបានផ្តល់ជាពីរដូស ក្នុងរយះពេលបីសប្តាហ៍ដាច់ពីគ្នា ហើយទិន្នន័យពីការសាកល្បងមន្ទីរពិសោធន៍គ្លីនិក បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៤ % ក្នុងការការពារមនុស្ស ដែលមានអាយុលើសពី ៦៥ ឆ្នាំពីការឆ្លងមេរោគកូរ៉ូណា ហើយវាមានប្រសិទ្ធភាពស្មើគ្នាល្អ ចំពោះមនុស្សគ្រប់វ័យ ពូជសាសន៍ និងជនជាតិ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃសុក្រនេះ។