Social Network

មហាសន្និបាត UN ទើបអនុម័តដំណោះស្រាយមួយ ដែលជំរុញឲ្យរុស្ស៊ី «បញ្ចប់ការគ្រប់គ្រង លើតំបន់គ្រីមៀ»

 (វ៉ាស៊ីនតោន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានអនុម័តដំណោះស្រាយថ្មីមួយ ដោយជំរុញឱ្យរុស្ស៊ីបញ្ចប់ការគ្រប់គ្រងជាបណ្ដោះអាសន្នរបស់ខ្លួន លើតំបន់ឧបទ្វីបគ្រីមៀ (Crimea) ដោយមិនត្រូវពន្យារពេលទៀតឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។ ដំណោះស្រាយខាងលើស្ដីពីសកម្មភាពយោធាក្នុងតំបន់គ្រីមៀ, កំពង់ផែ សេវាស្តូផូល (Sevastopol), ផ្នែកខ្លះនៃសមុទ្រខ្មៅ និងសមុទ្រ អាហ្សូវ (Azov) ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៦៣ប្រទេស, ជំទាស់ ១៧ប្រទេស និង ៦២ប្រទេសទៀតអនុប្បវាទ។

ដំណោះស្រាយនេះមិនមានលក្ខណៈ ចាប់បង្ខំឱ្យអនុវតាមនោះទេ តែវាមានសារៈសំខាន់ខាងនយោបាយ។ ដំណោះស្រាយនេះទៀតសោត ដែលត្រូវបានស្នើឡើងដោយប្រទេសដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងតួកគីជាដើម ក៏ជំរុញផងដែរឱ្យសហព័ន្ធរុស្ស៊ី ដកយោធារបស់ខ្លួនជាបន្ទាន់ ចេញពីតំបន់គ្រីមៀ និងបញ្ចប់ការគ្រប់គ្រងផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន ដោយមិនត្រូវពន្យារពេលឡើយ។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានចោទប្រកាន់ថា រុស្ស៊ីបានក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ ដោយខុសច្បាប់ពីអ៊ុយក្រែន តាមរយៈការរៀបចំការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៤។

ជាការឆ្លើយតប ទីក្រុងម៉ូស្គូបានច្រានចោលរាល់ការចោទប្រកាន់ ហើយអះអាងថា ប្រជាជនក្នុងតំបន់គ្រីមៀភាគច្រើនលើសលប់ គឺរហូតដល់ទៅជាង ៩៥.៥ភាគរយឯណោះ គឺជាអ្នកបោះឆ្នោតសម្រេចចិត្តដោយខ្លួនឯង ដើម្បីចូលរួម និងស្ថិតនៅក្រោមឧបសម្ព័ន្ធរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News