Social Network

ប៉ូលិសឥណ្ឌូនេស៊ី បាញ់សម្លាប់អ្នកគាំទ្របព្វជិតកាំជ្រួចភ្លើង firebrand ចំនួន ៦ នាក់

ប្រធានប៉ូលីស Jakarta បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកគាំទ្រចំនួន ៦ នាក់ នៃបព្វជិតមូស្លីមកាំជ្រួចភ្លើង firebrand ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃច័ន្ទម្សិលមិញ នៅពេលពួកគេ ព្យាយាមទៅដល់ស្ថានីយ៍ប៉ូលីសមួយទីដែលមេដឹកនាំរបស់ពួកគេ ត្រូវបាននាំយកទៅសាកសួរ។

ប៉ូលីស បានបង្ខំចិត្តការពារខ្លួន នៅពេលដែលអ្នកគាំទ្រ ១០ នាក់របស់លោក Rizieq Shihab បានវាយប្រហារដោយកាំភ្លើង និងវត្ថុមុតស្រួចលើពួកគេ តាមដងផ្លូវ ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Jakarta ។

មន្រ្តីប៉ូលីស បានបាញ់តបជាហេតុបណ្តាលឱ្យមនុស្ស ៦ នាក់ស្លាប់។ មនុស្ស ៤ នាក់ទៀត បានរត់គេចខ្លួន អំឡុងពេលបាញ់ប្រហារ នាពេលព្រឹកព្រលឹមនោះ។

លោក Shihab នឹងត្រូវសាកសួរនៅថ្ងៃច័ន្ទនោះ ពីបទបំពានលើការរឹតត្បិត COVID-19 កាលពីខែមុន នៅពេលដែលអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាក្នុងពិធីមង្គលការកូនស្រីរបស់លោក ដើម្បីប្រារព្ធពិធីអបអរការវិលត្រឡប់របស់លោក ពីការនិរទេសខ្លួន នៅអារ៉ាប៊ីសាអ៊ូឌីត។

លោក Shihab ជាមេដឹកនាំរណសិរ្សអ្នកការពារឥស្លាម បានចាកចេញពីប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ ២០១៧ ដើម្បីធ្វើដំណើរធម្មយាត្រាតូចមួយ ទៅកាន់ទីក្រុងពិសិដ្ឋមូស្លីម Mecca ភ្លាមៗ បន្ទាប់ពីប៉ូលីសជាតិ បានចោទប្រកាន់លោក ពាក់ព័ន្ធនឹងករណីជជែកអាសអាភាស និងពីបទជេរប្រមាថមនោគមន៍វិជ្ជារដ្ឋ Pancasila ។

Shihab បានវិលត្រឡប់មកប្រទេសឥណ្ឌូនេស៊ីវិញ កាលពីខែវិច្ឆិកា ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ បានជួបជុំគ្នាស្វាគមន៍លោក នៅឯព្រលានយន្តហោះ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃចន្ទ។