Social Network

ឥណ្ឌា៖ អ្នកឆ្លងកូវីដ-១៩ កើនដល់៩.៧៣លាននាក់, ស្លាប់ ១៤១,៣៦០នាក់ 2020-12-09 03:01pm

(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះ បានបង្ហាញឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៩,៧៣៥,៨៥០ករណីហើយ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៣២,០៨០ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន៤០២នាក់ ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ១៤១,៣៦០នាក់។

ចំណែកឯ អ្នកជំងឺសរុបចំនួន ៣៧៨,៩០៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺចំនួន ៩,២១៥,៥៨១នាក់ បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ១៤៩,៨៣៦,៧៦៧នាក់ នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០២២,៧១២នាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃអង្គារម្សិលមិញនេះ តែប៉ុណ្ណោះ៕