Social Network

លោក ចូ បៃដិន៖ «ភាពចលាចលនៅវិមានសភា គឺជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានថ្កោលទោស និងចាត់ទុកអំពើហិង្សា ព្រមទាំងការសម្រុកចូលវិមានសភាជាតិ ពីសំណាក់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះថា «ជាទង្វើបំពាននីតិរដ្ឋ និងជាសកម្មភាពឧទ្ទាម»។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការទទួលស្គាល់ជ័យជម្នះរបស់លោក ជាប្រធានាធិបតីអាមេរិកថ្មី។

លោក ចូ បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមទុកឱ្យខ្ញុំបញ្ជាក់ឱ្យច្បាស់... ភាពចលាចលដែលបានកើតឡើង នៅឯវិមានសភា មិនមានការឆ្លុះបញ្ចំងពីសហរដ្ឋអាមេរិក ដ៏ពិតប្រាកដនោះទេ ហើយក៏មិនមែនតំណាងថា ពួកយើងជានរណានោះដែរ។

អ្វីដែលយើងបានឃើញ គ្រាន់តែជាក្រុមជុលនិយមមួយក្ដាប់តូច ដែលបំពានច្បាប់តែប៉ុណ្ណោះ។ លោក បៃដិន បានសង្កត់បន្ថែមថា «វាមិនមែនជាការខ្វែងគំនិតគ្នាទេ។ តែវាគឺជាភាពច្របូកច្របល់ និងជាភាពចលាចល»។

គួរបញ្ជាក់ថា ប៉ូលិសអាមេរិកបានឲ្យដឹងថា មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ និងជាង ៥០នាក់ត្រូវបានចាប់ខ្លួន នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួលស្គាល់ជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។

នៅរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលកាន់កាប់ វិមានសភាអាមេរិក និងបានប្រឈមគ្នាដោយហិង្សា ជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាប និងរុញច្រានឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ប៉ូលិសអាមេរិកក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្ស សាធារណរដ្ឋផងដែរ។

ចំណែកនៅក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន។

គួរបញ្ជាក់ថា ការផ្ទុះអំពើហិង្សា និងរារាំងដល់ការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីខាងលើនេះ បាននិងកំពុងបង្កឲ្យបណ្តាប្រទេស ដែលជាសម្ព័ន្ធអាមេរិក ជាពិសេសនៅសហភាពអឺរ៉ុប ធ្វើការថ្កោលទោស និងអំពាវនាវឲ្យក្រុមបាតុករទាំងនោះ ទទួលស្គាល់ភាពបរាជ័យ ហើយអនុញ្ញាតឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី៕

ដកស្រង់ពី៖ Fresh News