Social Network

សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩១២នាក់ទៀតស្លាប់ និងមនុស្សជាង ១៥ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥១,៧២៧ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៩១២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,១១៦,២០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៣៩,៥១៧នាក់ និងជាសះស្បើយឡើងសរុប ១៥,៩៤២,៧៥៧លាននាក់។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចូ បៃដិន បានបញ្ជាទិញវ៉ាក់សាំង COVID-19 រហូតដល់ ២០០លានដូសទៀត ដើម្បីចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។

ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានផងដែរថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនលើស ៦០០,០០០នាក់ និងបានជំរុញឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ពន្លឿនការអនុម័តផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លាររបស់លោក ដើម្បីប្រយុទ្ធប្រឆាំង COVID-19 និងគាំទ្រដល់ជីវភាពប្រជាជនអាមេរិក៕

ដកស្រង់ពី៖ Fresh News