Social Network

ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីប្រទេសស្រីលង្កា កើនឡើងដល់ ១៤ នាក់

ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅស្រីលង្កា បានកើនឡើងដល់ ១៤ នាក់ និង ២ នាក់ទៀត បានបាត់ខ្លួន។

ស្រុកចំនួន ១០ នៅលើកោះមហាសមុទ្រឥណ្ឌា បានរងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រួមទាំងរដ្ឋធានី Colombo និងតំបន់ជាយក្រុង ដែលមានផ្ទះជាច្រើនវាលស្រែ និងផ្លូវថ្នល់ជាច្រើន ត្រូវបានជន់លិច។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថាមនុស្ស ១០ នាក់ បានស្លាប់ដោយសារទឹកជំនន់ ខណៈ ៤ នាក់ផ្សេងទៀត បានបាត់បង់ជីវិតដោយការរអិលបាក់ដី។ ពីរនាក់ទៀត នៅតែបាត់ខ្លួន។

កងទ័ពជើងទឹកស្រីលង្កា បាននិយាយថា ខ្លួន បានពង្រាយក្រុមការងារចំនួន ៣៣ ទៅកាន់តំបន់ ដែលរងការជន់លិច ដែលរហូតមកដល់ពេលនេះ បានជួយសង្គ្រោះមនុស្សចំនួន ៦៦ នាក់ ដែលជាប់គាំងដោយសារទឹកជំនន់។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា អាកាសធាតុខ្លាំង បានជះឥទ្ធិពលដល់ប្រជាជនប្រមាណ ២៤៥.០០០ នាក់ ហើយមនុស្សជាង ៤៣០០ នាក់ផ្សេងទៀត កំពុងភៀសខ្លួននៅក្នុងជម្រកគ្រាអាសន្ន។ ផ្ទះជាង ៨០០ ខ្នង ត្រូវបានខូចខាត នេះបើតាមការផ្សាយរបស់ CNA/AP កាលពីយប់ថ្ងៃអាទិត្យ។