Social Network

សេតវិមាន៖ អាមេរិកនឹងមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី៤ កក្កដាឡើយ

មន្រ្តីសេតវិមាន នៅថ្ងៃទី២២ ខែមិថុនា លើកឡើងថា អាមេរិកទំនងជាមិនអាចសម្រេចគោលដៅចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិចមួយដូសរបស់ប្រធានាធិបតី ចូ បៃឌិន សម្រាប់ក្រុមមនុស្ស ពេញវ័យឱ្យបាន៧០ភាគរយត្រឹមថ្ងៃទី៤ ខែកក្កដាឡើយ។

មន្ត្រីអាមេរិកក៏លើកឡើងការព្រួយបារម្ភពីវីរុសទម្រង់ថ្មីដែលតា ដែលអាចប៉ះពាល់ខ្លាំងដល់ការប្រឹងប្រែងរបស់អាមេរិក។ទីប្រឹក្សាជាន់ខ្ពស់ផ្នែកជំងឺកូវីដ-១៩ របស់សេតវិមានលោក Jeffrey Zients បញ្ជាក់ថា អាមេរិកអាច នឹងសម្រេចគោលដៅចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យពីអាយុ២៧ឆ្នាំឡើងទៅត្រឹមថ្ងៃទី៤ ខែកក្កដា។

ប៉ុន្តែអាមេរិកប្រហែលនឹងមិនអាចសម្រេចចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុពី១៨ឆ្នាំ ឡើងទៅឱ្យបាន៧០ភាគរយនោះទេ។ លោកប្រធានាធិបតី ចូ បៃឌិន ជាអ្នកដាក់គោលដៅនេះ ដើម្បីអបអរទិវាឯករាជ្យអាមេរិកថ្ងៃទី៤ ខែកក្កដា។

«អាមេរិកត្រូវធ្វើការងារបន្ថែមទៀត ជាពិសេសជាមួយក្រុមអាយុចន្លោះ១៨ទៅ២៦ឆ្នាំ»។ លោក Zients បាននិយាយបែបនេះក្នុងសន្និសីទតាមទូរសព្ទ។ លោក Zients បន្តថា ក្រុមយុវជនភាគច្រើន មិនសូវចង់ចាក់វ៉ាក់សាំងនោះទេ ពីព្រោះគិតថា ជំងឺកូវីដ-១៩ មិនមានផលប៉ះពាល់ដល់ពួកគេឡើយ។ ចំពោះគោលដៅចាក់វ៉ាក់សាំងរបស់លោក បៃឌិន ត្រូវការពេលបន្ថែមពីរទៅបីសប្ដាហ៍ក្រោយថ្ងៃទី៤ ខែកក្កដាទៀត។

ខណៈការចាក់វ៉ាក់សាំងហាក់មិនអាចសម្រេចតាមគោលដៅ អាមេរិកក៏ប្រឈមមុខវត្តមានវីរុសបំប្លែងថ្មីដែលតាផងដែរ។ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកឯកទេសខាងជំងឺឆ្លងរបស់អាមេរិក បាន លើកឡើងពីផលប៉ះពាល់យ៉ាងខ្លាំងរបស់វីរុសទម្រង់ដែលតានេះ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ការ ប្រឹងប្រែងរបស់អាមេរិក ដោយសារតែវីរុសថ្មីងាយឆ្លងជាងមុន។

លោក Fauci លើកជាយោបល់ថា វ៉ាក់សាំងដែលមានស្រាប់មានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនថ្មី ដូចនេះគេត្រូវចាក់វ៉ាក់សាំងឱ្យ បានរួចរាល់ដើម្បីបង្ក្រាបការផ្ទុះឡើងនៃការឆ្លង។ បច្ចុប្បន្ន អាមេរិកបានចាក់វ៉ាក់សាំង៧០ភាគរយដល់មនុស្សពេញវ័យដែលមានអាយុលើសពី៣០ ឆ្នាំឡើងទៅ។

នៅរដ្ឋ១៥ក្នុងចំណោមរដ្ឋទាំង៥០ និងរដ្ឋធានីវ៉ាស៊ីនតោន ៧០ភាគរយនៃប្រជាជន អាយុ១៨ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសទីមួយ។ ប្រជាជនអាមេរិកប្រមាណ ៤៥,៧ ភាគរយនៃចំនួនប្រជាជនសរុប ៣២៨,២លាននាក់បានចាក់វ៉ាក់សាំងរួចរាល់៕

ដកស្រង់ពី៖ Thmey Thmey