Social Network

កូរ៉េខាងជើងទំនងជាបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ហើយងាកទៅសុំរុស្ស៉ីឲ្យជួយវិញ

 (សេអ៊ូល)៖ ក្រុមអ្នកតាមដានព័ត៌មានសម្ងាត់កូរ៉េខាងជើង INSS ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងបានបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយ COVAX និង WHO នោះឡើយ ដោយសារតែប្រទេសនេះ ព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ បើតាម INSS កូរ៉េខាងជើងបានងាកទៅរកវ៉ាក់សាំងបង្ការ COVID-19 ដែលជាផលិតផលរបស់ប្រទេសរុស្ស៊ីជំនួសវិញ។

ទីក្រុងព្យុងយ៉ាងហាក់បានតាមដាន ព័ត៌មានពីអន្តរជាតិ និងមើលឃើញការចុះផ្សាយអំពីផលប៉ះពាល់តិចតួច ពាក់ព័ន្ធការប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ហេតុដូច្នេះទើបខ្លួនប្រឹងប្រែងសម្លឹងរកវ៉ាក់សាំងរុស្ស៊ី។

ប៉ុន្តែកូរ៉េខាងជើងអាចនឹងស្នើសុំ ជំនួយជាវ៉ាក់សាំងពីរុស្ស៊ីប៉ុណ្ណោះ មិនមែនបញ្ជាទិញនោះឡើយ។ កន្លងមកនេះប្រទេសកូរ៉េខាងជើង ធ្លាប់រំពឹងទទួលបានវ៉ាក់សាំងប្រមាណ ២លានដូស ពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនទាន់ត្រូវបានដឹកទៅកាន់កូរ៉េខាងជើងនៅឡើយទេ។

គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់។ យ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងមួយរូប ដែលដឹងឮអំពីបញ្ហានេះបានថ្លែងប្រាប់ INSS ទៀតថា កូរ៉េខាងជើងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកវ៉ាក់សាំងណាមួយនៅឡើយទេ ព្រោះតែកម្មវិធីចាក់វ៉ាក់សាំង ក៏មិនទាន់ត្រូវបានបានរៀបចំ ហើយចំនួនប្រជាជនដែលនឹងត្រូវទទួលការចាក់ ក៏មិនមានការប្រកាសនៅឡើយដែរ៕

ដកស្រង់ពី៖ Fresh News