Social Network

Biden ព្រមានក្រុមហ៊ុនអាមេរិកអំពីការធ្វើជំនួញនៅហុងកុង

 រដ្ឋបាលលោក Biden ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាមេរិកនានា អំពីហានិភ័យនៃការធ្វើជំនួញនៅហុងកុង នៅពេលដែលប្រទេសចិន បន្តរារាំងសេរីភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងទឹកដីនេះ។

មន្ត្រីអាមេរិក និយាយថា សេចក្តីណែនាំនេះ អាចត្រូវបានចេញឆាប់ៗក្នុងសប្តាហ៍នេះ។ ប្រធានាធិបតី Joe Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការដាស់តឿននេះ នឹងចង្អុលបង្ហាញពីស្ថានភាពទីផ្សារសេរី ដែលកំពុងយ៉ាប់យ៉ឺននៅក្នុងទីក្រុងហុងកុង ដែលធ្លាប់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់អាស៊ី និងសក្តានុពលនៃសំណឹកបន្តទៀត។

សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក Trump និងលោក Biden បានកំណត់ថា ចាប់តាំងពីការអនុម័តច្បាប់សន្តិសុខជាតិថ្មី កាលពីឆ្នាំមុនមក ទីក្រុងហុងកុង លែងទទួលបានស្វ័យភាពដ៏សំខាន់ពីប្រទេសចិនដីគោកទៀតហើយ ដែលទីក្រុងប៉េកាំង ធ្លាប់បានសន្យាថា នឹងគោរព រយៈពេល ៥០ ឆ្នាំ នៅពេលដែលខ្លួន បានបន្តកាន់កាប់ត្រួតត្រាទឹកដី អតីតអាណានិគម អង់គ្លេស ក្នុងឆ្នាំ ១៩៩៧ ។

ដូចនោះហើយ ហុងកុង លែងទទួលបានសិទ្ធិអនុគ្រោះផ្នែកពាណិជ្ជកម្ម និងជំនួញរបស់សហរដ្ឋអាមេរិក ហើយមន្ត្រីមួយចំនួននៅហុងកុង បានរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ចំពោះសកម្មភាពរបស់ពួកគេ ក្នុងការបង្ក្រាបលទ្ធិប្រជាធិបតេយ្យ។

ការព្រមានថ្មី អាចនឹងកើតឡើង បន្ទាប់ពីសេចក្តីណែនាំស្រដៀងគ្នា ដែលបានចេញនៅដើមសប្តាហ៍នេះ ដើម្បីក្រើនរំលឹកដល់ក្រុមហ៊ុនអាមេរិកនានា អំពីទំនួលខុសត្រូវនៃទណ្ឌកម្មដែលអាចកើតមាន ប្រសិនបើពួកគេ ធ្វើអាជីវកម្មជាមួយអង្គភាពចិន ដែលប្រតិបត្តិការនៅតំបន់ Xinjiang ខាងលិច ជាកន្លែងដែលប្រទេសចិន ត្រូវបានគេចោទប្រកាន់ថា បានគាបសង្កត់លើជនជាតិមូស្លីមអ៊ុយហ្គួរ និងជនជាតិភាគតិចផ្សេងទៀត នេះបើតាមការផ្សាយ CNA/AP នៅព្រឹកថ្ងៃសុក្រនេះ។