Social Network

មីយ៉ាន់ម៉ា ចាក់វ៉ាក់សាំងអ្នកទោសរាប់រយនាក់ ចំពេលមានករណីឆ្លង COVID-19 កើនឡើង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធនាគារដ៍សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា បានចាក់វ៉ាក់សាំង COVID-១៩ ដល់អ្នកទោសជាង ៦០០ នាក់ នៅថ្ងៃដំបូងនៃយន្តការចាក់វ៉ាក់សាំងអ្នកទោស ខណៈដែលអាជ្ញាធរយោធា តស៊ូគ្រប់គ្រងរលកនៃការឆ្លងនៅទូទាំងប្រទេស។

ការឆ្លង បានកើនឡើង ចាប់តាំងពីខែមិថុនាមក ដោយមានករណីឆ្លងចំនួន ៤.៩៨០ នាក់ និងមានអ្នកស្លាប់ចំនួន ៣៦៥ នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិ-បាល ដែលបានដកស្រង់នៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ដោយមានចំនួនអ្នកស្លាប់កើនឡើង អាជ្ញាធរយោធា គ្រោងសាងសង់ឈាបនដ្ឋានបូជាសពថ្មីចំនួន ១០ កន្លែង នៅទីក្រុង Yangon ដែលនឹងអាចបូជាសពបានជាង ៣.០០០ នាក់ក្នុងមួយថ្ងៃ។

អ្នកទោសនៅក្នុងពន្ធនាគារ Insein របស់ទីក្រុង Yangon បានធ្វើបាតុកម្មកាលពីសប្តាហ៍មុនជុំវិញអ្វីដែលសកម្មជន បាននិយាយថា មានការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ច្រើននៅក្នុងអគារគុក សម័យអាណានិគម ជាទីដែលក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកកាសែតជាច្រើនរូប កំពុងត្រូវជាប់ឃុំឃាំង។

ដោយដកស្រង់សម្តីមន្រ្តីពន្ធនាគារ ដែលសុំមិនបញ្ចេញឈ្មោះ កាសែត “ពន្លឺថ្មីសកលនៃមីយ៉ាន់ម៉ា” បានផ្សាយថា មានអ្នកទោសចំនួន ៦១០ នាក់ ត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃពុធ ហើយមនុស្សជាច្រើនទៀត នឹងត្រូវចាក់វ៉ាក់សាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ អាស្រ័យលើការផ្គត់ផ្គង់វ៉ាក់សាំង។

អ្នកទោសចំនួន ២.៥០០ នាក់ ក្នុងចំណោមអ្នកទោសជាង ៩.០០០ នាក់នៅក្នុងពន្ធនាគារ បានចុះឈ្មោះចាក់វ៉ាក់សាំង។ អាជ្ញាធរយោធា គ្រោងនឹងចាក់វ៉ាក់សាំងអ្នកទោសទាំងអស់នៅភូមាចំនួន ៤ ម៉ឺននាក់។

អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ បាននិយាយតាមទូរស័ព្ទថា អ្នកទោសប្រមាណ ២០០ នាក់នៅទូទាំងប្រទេស បានធ្វើតេស្ត៍រកឃើញមានផ្ទុកវីរុសកូរ៉ូណា ក្នុងនោះមាន ៨ នាក់នៅគុក Insein ហើយកំពុងត្រូវបានព្យាបាលនៅតំបន់ដាច់ដោយឡែក នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃព្រហ.ម្សិលមិញ។